បរទេស ៖ កាសែតផ្លូវការ របស់ប្រទេសកូរ៉េខាងជើង នៅថ្ងៃចន្ទនេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវ ឲ្យធ្វើការបង្កើនផលិតកម្ម និងឧស្សាហកម្មចម្បង ផ្សេងទៀត ក្នុងគោលជំហរពឹងផ្អែកលើខ្លួនឯង ដើម្បីធ្វើការទប់ទល់ កាន់តែប្រសើរឡើង ចំពោះទណ្ឌកម្មនានា ដែលដាក់លើប្រទេសកម្មុយនិស្ត ឯកោមួយនេះយោ ។
យោងតាមទីភ្នាក់ងារ សារព័ត៌មានកូរ៉េខាងត្បូង យុនហាប់ កាសែតកូរ៉េខាងជើង បានស្នើឲ្យមានការពឹងផ្អែកលើខ្លួនឯង នៅក្នុងវិស័យនានាជាច្រើន ចាប់តាំងពីលោក គីម ជុងអ៊ុន បានធ្វើការទាមទារ ក្នុងសារនៅថ្ងៃចូលឆ្នាំថ្មី របស់លោកថា ការកសាងសេដ្ឋកិច្ចមួយ ដែលមិនពឹងផ្អែកលើអ្នកខាងក្រៅ ជួយដល់ការប្រយុទ្ធប្រឆាំង ទណ្ឌកម្មដាក់ដោយ សហរដ្ឋអាមេរិក។
នៅក្នុងបទវិចារណកថាមួយ កាសែត Rodong Sinmun ជាទីភ្នាក់ងារសារព័ត៌មានផ្លូវការ របស់គណបក្សកាន់ អំណាចកូរ៉េខាងជើង បាននិយាយយ៉ាងដូច្នេះថា “ទណ្ឌកម្មនិង សម្ពាធពិឃាត ដែលដាក់ដោយកងកម្លាំងសត្រូវ ដើម្បីធ្វើឲ្យអំណាច របស់យើងទន់ខ្សោយ គឺផ្តោតសំខាន់លើ វិស័យផលិតកម្មចម្បងៗនានា”៕
ប្រែសម្រួល៖ប៉ាង កុង