បរទេស៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បាននិយាយនៅថ្ងៃអង្គារនេះថា វាលឿនហួសពេកហើយ ដែលត្រូវមានទុទិដ្ឋិនិយម ចំពោះអនាគតនៃកិច្ចពិភាក្សាគ្នា រវាងសហរដ្ឋអាមេរិក និងកូរ៉េខាងជើង បើទោះជាមានការជាប់គាំង អស់ពេលជាច្រើនខែ ស្តីពីកិច្ចចរចានុយក្លេអ៊ែ ការតេស្តអាវុធ និងការថ្លែងបង្កហេតុពីមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនក៏ដោយ។
នៅក្នុងសន្និសីទកាសែតប្រចាំឆ្នាំមួយ នៅវិមានខៀវរបស់ ប្រធានាធិបតីកូរ៉េខាងត្បូង លោក មូន ជេអ៊ីន បានមានប្រសាសន៍ថា ទីក្រុងព្យុងយ៉ាងបានបង្ហាញថា ទ្វារសម្រាប់កិច្ចពិភាក្សាគ្នា ជាមួយទីក្រុងវ៉ាស៊ីនតោន នៅមិនទាន់បិទនោះទេ និងថា លោកចាត់ទុកកាដូថ្ងៃខួបកំណើតថ្មីៗនេះ ពីលោកប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ គឺជាសញ្ញាវិជ្ជមានមួយ។
លោកប្រធានាធិបតីកូរ៉េខាងត្បូង បានមានប្រសាសន៍យ៉ាងដូច្នេះថា “មនុស្សទាំងឡាយ បានមានក្តីព្រួយបារម្ភថា អាចនឹងមានការបង្កហេតុថ្មី នៅថ្ងៃខួបកំណើតរបស់លោកប្រធាន គីម ប៉ុន្តែជំនួសមកវិញ លោកប្រធានាធិបតី ត្រាំ បានផ្ញើឲ្យលោកនូវការ ជូនពរថ្ងៃខួបកំណើត ដើម្បីបង្ហាញឆន្ទៈនិងការប្តេជ្ញាបន្តកិច្ចពិភាក្សាគ្នា ខ្ញុំគិតថា វាជាគំនិតដ៏អស្ចារ្យ” ៕
ប្រែសម្រួល៖ ប៉ាង កុង