វ៉ាស៊ីនតោន៖ សហរដ្ឋអាមេរិក បានឲ្យដឹងថា ខ្លួនស្វាគមន៍ការសម្រេចចិត្ត របស់កូរ៉េខាងត្បូង ក្នុងការបញ្ជូនកងទ័ព ទៅកាន់ច្រកសមុទ្រ ហូម៉ូស ដើម្បីការពារពលរដ្ឋ និងនាវារបស់ខ្លួន ដែលឆ្លងកាត់ ផ្លូវទឹកយុទ្ធសាស្ត្រ។
ក្រសួងការពារជាតិ កូរ៉េខាងត្បូង បានប្រកាសនៅមុននេះថា ខ្លួននឹងពង្រីកតំបន់ ប្រតិបត្តិការ នៃបេសកកម្មប្រឆាំងនឹង ចោរកម្ម តាមសមុទ្ររបស់ខ្លួន នៅឈូងសមុទ្រអាដេន ដើម្បីគ្របដណ្ដប់លើ ច្រកសមុទ្រហូម៉ូស ចំពេលមានភាពតានតឹង កើនឡើង រវាងសហរដ្ឋអាមេរិក និងអ៊ីរ៉ង់ ។
អង្គភាព Cheonghae ដែលមានកម្លាំង ៣០០ នាក់នឹងប្រតិបត្តិការ ដោយឯករាជ្យ ពីការស្ថាបនាសន្តិសុខនាវាចរណ៍អន្តរជាតិ ដឹកនាំដោយ សហរដ្ឋអាមេរិក ដែលមានមូលដ្ឋាន នៅប្រទេសបារ៉ែន ប៉ុន្តែមន្ត្រីទំនាក់ទំនងចំនួន ២ នាក់នឹងត្រូវបញ្ជូន ទៅក្រុមចម្រុះ ដើម្បីសម្របសម្រួល ការចែករំលែកព័ត៌មាន ៕
ដោយ ឈូក បូរ៉ា