ព័ត៌មានអន្តរជាតិ

កូរ៉ូណាវីរុស៖ បុគ្គលិកពេទ្យជាងកន្លះលាននាក់ ចូលរួមប្រតិបត្តិការនៅខេត្ត Hubei ក្នុងពេលដែលចំនួន អ្នកស្លាប់កើនឡើងដល់ ៨០នាក់

BBC៖ ចំនួនមនុស្សដែលបានស្លាប់ នៅក្នុងប្រទេសចិនដោយសារវីរុស កូរ៉ូណាវីរុស បានកើនឡើងដល់ ៨០ នាក់ និងមានមានមនុស្សជិត ៣.០០០នាក់ ត្រូវបានបញ្ជាក់ថាមានជំងឺ ឬឆ្លងមេរោគនេះ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី២៧ ខែមករា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្ងៃឈប់សម្រាកចូលឆ្នាំថ្មីរបស់ជាតិចិន ត្រូវបានពន្យារពេលបីថ្ងៃ គឺទៅដល់ដល់ថ្ងៃអាទិត្យ ក្នុងគោលបំណងរារាំងការផ្ទុះឡើង នៃជំងឺរលាកសួតថ្មីនេះ។

ទីក្រុង វូហាន នៅខេត្ត Hubei ដែលជាប្រភពនៃការផ្ទុះឡើង គឺស្ថិតនៅក្នុងការបិទទ្វារ មិនឱ្យប្រជាជនចេញចូល ហើយទីក្រុងជាច្រើនបាន ហាមឃាត់ការធ្វើដំណើរផងដែរ។

មន្ត្រីគណៈកម្មការសុខាភិបាល បាននិយាយនៅថ្ងៃច័ន្ទនេះថា ចំនួនអ្នកស្លាប់នៅក្នុងខេត្ត Hubei បានកើនឡើងពី ៥៦ ទៅ ៧៦នាក់ និងមានអ្នកស្លាប់ចំនួន ៤នាក់នៅកន្លែងផ្សេងទៀត។

ចំនួនករណីសរុបនៅក្នុង ប្រទេសចិនមានចំនួន ២.៧៤៤ករណី។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានផ្សាយថា មនុស្សជាង ៣០០នាក់ កំពុងមានអាការៈធ្ងន់ធ្ងរ។

បុគ្គលិកពេទ្យជាងកន្លះលាននាក់ បានចូលរួមក្នុងប្រតិបត្តិការបង្ការ ការត្រួតពិនិត្យ និងព្យាបាលនៅ Hubei ។

មន្ទីរពេទ្យបណ្តោះអាសន្នថ្មីចំនួន ២ ដែលមានគ្រែយ៉ាងតិច ២.០០០គ្រែ កំពុងត្រូវបានសាងសង់ ហើយរោងចក្រ កំពុងប្រញាប់ផលិតម៉ាស់មុខ និងសម្លៀកបំពាក់ការពារ ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top