ព័ត៌មានអន្តរជាតិ

ជប៉ុន គ្រោងនឹងបញ្ជូនជើង ហោះហើរជម្លៀសលើកទី២ ទៅកាន់ទីក្រុងវូហាន នៅយប់ថ្ងៃពុធនេះ

តូក្យូ៖ មន្ត្រីរដ្ឋាភិបាលបានឲ្យដឹងថា ប្រទេសជប៉ុនគ្រោង នឹងបញ្ជូនជើងហោះហើរលើកទី ២ នៅយប់ថ្ងៃពុធនេះ ទៅកាន់ទីក្រុងវូហាន ដែលជាបេះដូងនៃការផ្ទុះវីរុសដ៏សាហាវ ដើម្បីជម្លៀសប្រជាជនរបស់ខ្លួន ដែលមានបំណង ត្រឡប់ទៅស្រុកវិញ។

យន្តហោះនេះអាចចាកចេញ ពីប្រទេសជប៉ុនប្រហែលម៉ោង ៨ យប់។ ជើងហោះហើរជម្លៀសចេញដំបូងទៅកាន់ទីក្រុងវូហាន ដោយនាំជនជាតិជប៉ុនប្រមាណ ២០០ នាក់ត្រឡប់មកទីក្រុងតូក្យូវិញ នៅព្រឹកថ្ងៃពុធនេះ។

គួរបញ្ជាក់ថា នៅទូទាំងពិភពលោកមេរោគឆ្លង ប្រភេទថ្មីនេះបានឆ្លងដល់មនុស្សជាង ៦០០០ នាក់ហេីយ។ វីរុសចុងក្រោយត្រូវបានគេជឿថា បានចាប់ផ្តើមរីករាលដាលកាលពីចុងឆ្នាំមុន នៅទីក្រុងវូហាន នៃរដ្ឋធានីហ៊ឺប៊ី ចម្ងាយប្រហែល ១.០០០ គីឡូម៉ែត្រខាងត្បូងទីក្រុងប៉េកាំង។ ទីក្រុងនេះ គឺជាមជ្ឈមណ្ឌលពាណិជ្ជកម្មដ៏ធំមួយ ដែលមានប្រជាជនចំនួន ១១ លាននាក់៕

ដោយ ឈូក បូរ៉ា

To Top