ប៉េកាំង៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មានឲ្យដឹងនៅថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទ បានឲ្យដឹងកាលពីថ្ងៃសៅរ៍ថា ប្រទេសចិន បានរាយការណ៍អំពីការផ្ទុះឡើង នៃជំងឺឆ្លងដែលបង្កឡើងដោយវីរុស H5N1 ដែលបង្កជាជំងឺផ្តាសាយបក្សី នៅឯកសិដ្ឋានមួយកន្លែងស្ថិតនៅក្រុង Shaoyang ខេត្តភាគខាងត្បូង ហ៊ូណាន (Hunan)។
ករណីបានកើតឡើង នៅកសិដ្ឋានមួយកន្លែង ដែលមានសត្វមាន់ចំនួន ៧.៨៥០ក្បាល ហើយចំនួន ៤.៥០០ក្បាល បានងាប់ដោយសារជំងឺផ្តាសាយ ។
ក្រុមអាជ្ញាធរបានសម្លាប់ សត្វបក្សីអស់ចំនួន ១៧.៨២៨ក្បាល ក្រោយពីមានករណីផ្ទុះជំងឺ ។
សូមបញ្ជាក់ថា វីរុសដែលជាប្រភេទផ្សេង ពីវីរុសខាងលើ គឺ H5N8 បានឆ្លងរាលដាលនៅ ទូទាំងតំបន់ភាគខាងកើត នៃតំបន់អឺរ៉ុបកាលពីប៉ុន្មានសប្តាហ៍ថ្មីៗនេះ ។
ក្រុមជំនាញការអង្គការសហប្រជាជាតិ បានឲ្យដឹងថា ផ្ទុះជំងឺផ្តាសាយបក្សីនៅក្នុងប្រទេសចិន នៅឆ្នាំ២០១៣ គិតជាទឹកប្រាក់អស់ ៦,៥ពាន់លានដុល្លារ ដែលជាការខាតបង់ខ្លាំង ខាងវិស័យសេដ្ឋកិច្ច ៕
ប្រែសម្រួលដោយៈ ម៉ៅ បុប្ផាមករា