បរទេស៖ ក្រសួងរតនាគារសហរដ្ឋអាមេរិក នៅពេលថ្មីៗនេះ បានដាក់ទណ្ឌកម្មលើប្រធានថាមពលនុយក្លេអ៊ែ របស់ប្រទេសអ៊ីរ៉ង់ និងបានបញ្ជាឲ្យបង្កកទ្រព្យសម្បត្តិ របស់លោកដែលមានជាប់ ពាកព័ន្ធនឹងអាមេរិក ស្របពេលនៅតែមាន ភាពតានតឹងកំពុងតែប្រព្រឹត្តទៅ រវាងទីក្រុងវ៉ាស៊ីនតោន និងទីក្រុងតេអេរ៉ង់។
តាមសេចក្តីរាយការណ៍ ក្រសួងរតនាគារសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា បានដាក់ទណ្ឌកម្ម លើលោក Ali Akbar Salehi ជាប្រធានអង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ ដោយប្រាប់ថា ទីភ្នាក់ងារនេះ បានដើរតួនាទីដ៏សំខាន់មួយ ក្នុងទីក្រុងតេអេរ៉ង់ បំពានបទបញ្ញត្តិស្តីពីនុយក្លេអ៊ែ។
លោក Brian Hook ជាតំណាងពិសេសសហរដ្ឋអាមេរិក ប្រចាំនៅប្រទេសអ៊ីរ៉ង់ បាននិយាយប្រាប់អ្នកសារព័ត៌មានថា អង្គការថាមពលអាតូមិក របស់ប្រទេសអ៊ីរ៉ង់ បានបំពានដែនកំណត់លើចំនួន ស្តុកធាតុអ៊ុយរ៉ានីញ៉ូម និងកម្រិតនៃការចម្រាញ់សារធាតុនេះ ៕
ប្រែសម្រួល៖ ប៉ាង កុង