ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់ព្រម បង់លុយសំណងចិត្តដល់គ្រួសារជនជាតិអ៊ុយក្រែន ៨០០០០ដុល្លារ តែប្រធានាធិបតីអ៊ុយក្រែន កំពុងទាមទារ ច្រើនជាងនេះ

បរទេស៖ នៅថ្ងៃចន្ទទី៣ ខែកុម្ភៈនេះ ប្រធានាធិបតី អ៊ុយក្រែន លោក Volodymyr Zelenskiy បានប្រកាសថា រដ្ឋាភិបាលរបស់លោក នឹងមិនទទួលយកទំហំសំណង ដែលអ៊ីរ៉ង់ បានផ្តល់ដល់ក្រុមគ្រួសារជនជាតិអ៊ុយក្រែន ដែលត្រូវបានសម្លាប់ នៅក្នុងការធ្លាក់យន្តហោះ នៅក្បែរទីក្រុងតេអេរ៉ង់ កាលពីខែមុនឡើយ ហើយនឹងនឹងស្វែងរកលទ្ធភាព ក្នុងការទាមទារ ឲ្យបានកាន់តែច្រើន ជាងនេះ។

ថ្លែងទៅកាន់ ប៉ុស្តិទូរទស្សន៍រដ្ឋ លោក Zelenskiy បានប្រាប់ថាភ្លាមៗ ក្រោយការកើតហេតុ ភាគីខាងអ៊ីរ៉ង់ បានយល់ព្រម ក្នុងការសងលុយ ប្រមាណតែត្រឹម៨០០០០ដុល្លារប៉ុណ្ណោះ ក្នុងមួយគ្រួសារ ប៉ុន្តែលោកបានបញ្ជាក់ថា វាគឺជាចំនួនដ៏តិចតួចបំផុត ហើយអ៊ុយក្រែន នឹងធ្វើការទាមទារ ឲ្យគ្រួសារនៃជនរងគ្រោះ ទទួលបានសំណង ច្រើនជាងនេះ។

រំលឹកដែរថាកាលពីថ្ងៃទី ៨ ខែមករាភ្លាមៗ បន្ទាប់ពីវាបានចាកចេញ ពីទីក្រុងតេហរ៉ង់ ជើងហោះមួយ ទៅកាន់ក្រុងគៀវ ត្រូវបានបាញ់ទំលាក់។ អ៊ីរ៉ង់ បន្តិចមកបានសារភាពថា កងកម្លាំងរបស់ខ្លួន បានបាញ់ទម្លាក់យន្ដហោះ នៃក្រុមហ៊ុនអាកាសចរណ៍ អន្តរជាតិ នៃប្រទេសអ៊ុយក្រែននេះ ដែលក្នុងឧប្បត្តិហេតុនេះ មនុស្ស ១៧៦ នាក់នៅលើយន្តហោះ រួមទាំងជនជាតិអ៊ុយក្រែន ១១នាក់ ផងបាត់បង់ជីវិត ទាំងអស់៕

ប្រែសម្រួល៖ស៊ុនលី

To Top