សិង្ហបុរី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២០ថា ក្រុមអ្នកវិទ្យាសាស្ត្រ មកពីសហរដ្ឋអាមេរិក ទៅកាន់អូស្ត្រាលី កំពុងប្រើប្រាស់ នូវបច្ចេកវិទ្យាថ្មី នៅក្នុងមហិច្ឆិតាមួយ ដោយចំណាយប្រាក់ រាប់លានដុល្លារ ដើម្បីផលិតវ៉ាក់សាំង មួយប្រភេទទប់ស្កាត់ការឆ្លងរាលដាល ពីការផ្ទុះជំងឺ បង្កឡើង ដោយវីរុសកូរ៉ូណា របស់ប្រទេសចិន ។
វីរុសប្រភេទថ្មីនេះ បានឆ្លងរាលដាល យ៉ាងរហ័ស គិតចាប់តាមពីចុងឆ្នាំមុន នៅក្នុងប្រទេសចិន ដោយបានសម្លាប់មនុស្ស អស់ជាង៨០០នាក់ នៅដែនដីគោក និងបានឆ្លងជំងឺ ជាង៣៧.០០០នាក់ ។ ករណីជាច្រើន ត្រូវបានគេរាយការណ៍ដែល បានកើតឡើងនៅក្នុង ប្រទេសជាច្រើនទៀត ។
ការផលិតវ៉ាក់សាំង ណាមួយ ត្រូវប្រើពេលអស់ជាច្រើនឆ្នាំ ហើយងពាក់ព័ន្ធនឹងដំណើរការ នៃការធ្វើតេស្ត លើសត្វជាច្រើន ការវិនិច្ឆ័យលើមនុស្ស និងមានការអនុម័ត តាមផ្លូវច្បាប់ ។
ប៉ុន្តែ ក្រុមការងារ ដែលជាអ្នកជំនាញការ កំពុងតែប្រឹងប្រែងដើម្បិ ផលិតឲ្យបានឆាប់បំផុត ដែលមានក្រុមអន្តរជាតិ ចម្រុះចូលរួម នៅពីក្រោយខ្នង ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយក្រុមអ្នក វិទ្យាសាស្ត្រអូស្ត្រាលី សង្ឃឹមថា អាចនឹងប្រើពេល៦ខែ ក្នុងការផលិត ថ្នាំឲ្យបានរួចរាល់ ៕
ដោយ៖ ម៉ៅ បុប្ផាមករា