ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២០នេះ បានអញ្ជើញចូលរួម ក្នុងពិធីប្រកាស ឲ្យដំណើរការរចនាសម្ព័ន្ធថ្មី នៃរដ្ឋបាលខណ្ឌព្រែកព្នៅ ដើម្បីបម្រើសេចក្តីត្រូវការ របស់ប្រជាពលរដ្ឋ ឲ្យកាន់តែមានប្រសិទ្ធភាព ពិសេសស្របតាម គោលនយោបាយ យុទ្ធសាស្ត្រចតុកោណ ដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ។
ក្នុងឱកាសនោះ លោកអភិបាលរាជធានីភ្នំពេញ បានស្នើឲ្យអាជ្ញាធរខណ្ឌ និងអធិការខណ្ឌ បន្តដោះស្រាយបញ្ហា សន្តិសុខសណ្តាប់ធ្នាប់ បន្តទៀត ដើម្បីនៅតែទទួលបាន ការគាំទ្រពីប្រជាពលរដ្ឋ ។
ជាមួយគ្នានោះដែរ លោក ឃួង ស្រេង ក៏បានណែនាំ ដល់អភិបាលខណ្ឌទំាងអស់ ពិសេសខណ្ឌព្រែកព្នៅ ត្រូវដោះស្រាយបញ្ហា សំណង់មិនរៀបរយនៅតាមបឹង ប្រឡាយរបស់រដ្ឋ ពោលគឺដោះស្រាយ ផលប៉ះពាល់ជូន ប្រជាពលរដ្ឋហើយ កុំអោយមានការរស់នៅ កន្លែងសាធារណៈផ្សេងទៀត ដើម្បីកុំឲ្យដោះស្រាយបញ្ហានេះ ច្រើនដងឬមិនចេះចប់ ។
សូមបញ្ជាក់ថា ក្នុងបរិបទប្រទេសកម្ពុជា អនុវត្តគោលនយោបាយវិម្ឈការ និងវិសហមជ្ឈការរាជរដ្ឋាភិបាល មានគោលបំណងសំខាន់ៗចំនួន៣ គឺដើម្បីឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ ដំណើរការទៅប្រកបដោយភាពរលូន ដោយទី១ គឺការពង្រឹងលទ្ធិប្រជាធិបតេយ្យ សេរីពហុបក្ស ឲ្យចាក់គ្រឹះនៅមូលដ្ឋាន តាមរយៈការបោះឆ្នោត ក្រុមប្រឹក្សាខេត្ត- ក្រុង ស្រុក- ខណ្ឌ- ឃុំ -សង្កាត់ ដែលជាតំណាង របស់ប្រជាពលរដ្ឋ និងជាតួអង្គដ៏សំខាន់ ក្នុងការគ្រប់គ្រង រដ្ឋបាលមូលដ្ឋាន តាមរយៈអភិបាលកិច្ច តាមបែបប្រជាធិបតេយ្យ នៅថ្នាក់ក្រោមជាតិ នៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួន។ ទី២ គឺលើកកម្ពស់ និងប្រសិទ្ធភាពនៃការអភិវឌ្ឍន៍ តាមរយៈការនាំមកនូវ ការនិងរចនាសម្ព័ន្ធគ្រប់គ្រង ស្របតាមនយោបាយកំណែទម្រង់ វិម្ឈការនិងវិសហមជ្ឈការ សំដៅផ្ទេរមុខងារ និងធនធាន ទៅឲ្យថ្នាក់ក្រោមជាតិ ដែលនៅមានលទ្ធភាព មានភាពម្ចាស់ និងការទទួលខុសត្រូវ ក្នុងការផ្តល់សេវា និង ការអភិវឌ្ឍន៍មូលដ្ឋាន ដើម្បីនិងដោះស្រាយបញ្ហាប្រឈម ជាក់ស្តែងនានា របស់ប្រជាពលរដ្ឋ នៅតាមមូលដ្ឋានឲ្យប្រសិទ្ធភាព តម្លាភាព គណនេយ្យភាព បរិយាប័ន្ន និងសមធម៌សង្គម។និង ទី៣ ការលើកកម្ពស់ និងភាពជាម្ចាស់របស់ប្រជាពលរដ្ឋ នៅមូលដ្ឋានពាក់ព័ន្ធ នឹងការដឹកនាំ និងអភិវឌ្ឍមូលដ្ឋាន សំដៅចូលរួមកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់គុណភាព ជីវិតរបស់ប្រជាពលរដ្ឋ៕ ដោយ៖ ដារាត់