BBC៖ ក្រុមមន្រ្តីចិនបានផ្តល់តួលេខ សម្រាប់បុគ្គលិកសុខាភិបាលដែលឆ្លងជំងឺរលាកសួត បង្កឡើងដោយវីរុសកូរ៉ូណាថ្មី ចំពេលមានការព្រួយបារម្ភអំពី កង្វះឧបករណ៍ការពារ។ មន្រ្តីថា បុគ្គលិកសុខាភិបាល ៦ នាក់បានស្លាប់ ហើយគ្រូពេទ្យ ១.៧១៦ នាក់ បានឆ្លងជំងឺនេះចាប់តាំងពីការផ្ទុះឡើង។
យោងតាមសារព័ត៌មាន BBC ចេញផ្សាយនៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា មរណភាពមួយសប្តាហ៍មុន របស់វេជ្ជបណ្ឌិត លី វេនឡាំងដែលបានព្យាយាម ព្រមានអាជ្ញាធរអោយទាន់ពេលវេលាអំពីវីរុសនេះ បានបង្កឱ្យមានការផ្ទុះកំហឹងនិងទុក្ខព្រួយ ជាសាធារណៈ។ មនុស្សជាង ១៣០០ នាក់ឥឡូវត្រូវបានគេដឹងថាបានស្លាប់ដោយសារវីរុសនេះ។
តួលេខចុងក្រោយបង្ហាញពីការស្លាប់ថ្មី ១២២ នាក់នៅក្នុងប្រទេសចិនដែលធ្វើឱ្យចំនួនអ្នកស្លាប់កើនដល់ ១.៣៨១ នាក់។ ចំនួនសរុបនៃការឆ្លងបានកើនឡើងដល់ ៦៣.៩២២ ករណី។ នេះបើយោងតាមគណៈកម្មការសុខភាពជាតិ។
អង្គការសុខភាពពិភពលោកបាននិយាយថា មិនមានការផ្លាស់ប្តូរដ៏ធំមួយនៅក្នុងលំនាំនៃមរណភាព ឬភាពធ្ងន់ធ្ងររបស់វីរុសនោះទេ បើទោះបីជាមានការកើនឡើងនូវ ករណីឆ្លងនៅខេត្ត ហ៊ូប៉ី ដែលជាចំណុចកណ្តាលនៃជំងឺនេះកាលពីថ្ងៃអង្គារ៕
ប្រែសម្រួលៈ ណៃ តុលា