ព័ត៌មានអន្តរជាតិ

ក្រសួងសុខាភិបាល វៀតណាម ស្នើឱ្យពិន័យ អ្នកបោះចោលម៉ាស់ បិទមុខផ្តេសផ្តាស រហូតដល់ ៣០០ដុល្លារ

បរទេស៖ ក្រសួងសុខាភិបាលវៀតណាម បានស្នើឱ្យពិន័យជាប្រាក់ពី ៣លានដុង ទៅ៧ លានដុង (១២៩-៣០១ ដុល្លារអាមេរិក) ចំពោះអ្នកពាក់របាំងមុខដែលបោះចោលគ្មានសណ្តាប់ធ្នាប់ ដែលការបោះចោលពាសវាលពាសកាលនេះ បាននាំឱ្យអ្នកដទៃទៀតប្រឈមនឹងហានិភ័យនៃការឆ្លងវីរុសកូរ៉ូណា។

យោងតាមសារព័ត៌មាន VN Express ចេញផ្សាយនៅថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ស្របពេលដែលរដ្ឋាភិបាលវៀតណាមនិងទីភ្នាក់ងារអន្តរជាតិ ដូចជាអង្គការសុខភាពពិភពលោក (WHO) បានផ្តល់អនុសាសន៍ថា ប្រជាជនត្រូវប្រើម៉ាសបិទមុខនៅតាមកន្លែងដែលមានមនុស្សច្រើន ដើម្បីការពារខ្លួនពីការឆ្លងមេរោគ Covid-19 នោះ ពួកគេក៏បានផ្តល់ការណែនាំអំពីការចោលម៉ាស់របស់ពួកគេផងដែរ។ អ្នកប្រើត្រូវបានគេណែនាំឱ្យ បោះចោលម៉ាស់បិទមុខ នៅក្នុងធុងបិទ។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ផ្ញើទៅក្រសួងបរិស្ថានកាលពីថ្ងៃសុក្រ និងសន្តិសុខសាធារណៈថា យ៉ាងណាក៏ដោយ មនុស្សជាច្រើនមិនបានអើពើនឹងការណែនាំនេះនោះទេ បោះចោលម៉ាស់ដែលបានប្រើរួចផ្តេសផ្តាសនៅតាមដងផ្លូវ ដែលទាំងនោះ គឺបានបំផ្លាញបរិស្ថាន និងបង្កើនគ្រោះថ្នាក់នៃការឆ្លងរាលដាលរាលដាល បំផ្លាញសុវត្ថិភាពសាធារណៈ។

ក្រសួងសុខាភិបាលបានស្នើសុំ ឱ្យតំបន់នីមួយៗធានាថា ប្រជាជនបានបោះចោលម៉ាស់បិទមុខ ដែលត្រូវបានប្រើប្រាស់នៅកន្លែងត្រឹមត្រូវ។

ស្ថាប័ននេះបានស្នើឱ្យមានការពិន័យអ្នក ដែលពាក់របាំងមុខនៅតាមដង ផ្លូវចិញ្ចើមផ្លូវ ប្រព័ន្ធលូ និងកន្លែងសាធារណៈផ្សេងទៀតចន្លោះពី ៣-៧ លានដុង យោងតាមបទប្បញ្ញត្តិដែលបានដាក់ទណ្ឌកម្មហិរញ្ញវត្ថុចំពោះការបំពុលបរិស្ថាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top