បរទេស៖ ឥស្សរជនតាលីបង់ដ៏ល្បីឈ្មោះមួយរូប ដែលប្រកាសនិងជាប់ទោស ពីបទបាញ់ប្រហារកាលពីឆ្នាំ២០១២ ទៅលើក្មេងជំទង់ ដែលទទួលបានពាន់រង្វាន់ណូបែល ឈ្មោះ Malala Yousafzai បានរត់គេចខ្លួនមន្ទីរឃុំឃាំង នេះបើតាមការបញ្ជាក់ ពីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃប៉ាគីស្ថាន ក្រោយពីរបីថ្ងៃ បន្ទាប់ពីពួកសកម្មប្រយុទ្ធ ប្រកាសពីការលួចរត់របស់លោក នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម។
អតីតមន្ត្រីនាំពាក្យតាលីបង់ នៅប្រទេសប៉ាគីស្ថាន លោក Ehsanullah Ehsan ដែលអះអាងទទួលខុសត្រូវ ចំពោះការវាយប្រហារ របស់ពួកតាលីបង់ បានធ្វើការប្រកាសអះអាង ពីការរត់គេចខ្លួនរួចរបស់លោក នៅលើបណ្ដាញសង្គមធ្វីតធ័រ ហើយបន្ទាប់មក នៅក្នុងសារសម្លេងមួយ ដែលបញ្ជូនទៅឲ្យប្រព័ន្ធផ្សព្វផ្សាយ កាលពីដើមខែនេះ។
យោធាប៉ាគីស្ថាន ដែលឃុំខ្លួនលោក Ehsan ទុកក្នុងមន្ទីរឃុំឃាំង អស់រយៈពេល៣ឆ្នាំ បានបដិសេធសុំមិនធ្វើសេចក្តីអត្ថាធិប្បាយ ប៉ុន្តែដោយត្រូវអ្នកសារព័ត៌មានចោទសួរ ស្តីពីសេចក្តីរាយការណ៍នេះនោះ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក Ijaz Shah បានមានប្រសាសន៍ថា “នោះជាការពិត នោះជារឿងពិត”៕ ប្រែសម្រួល៖ប៉ាង កុង