ព័ត៌មានអន្តរជាតិ

អតីតនាយករដ្ឋមន្ត្រី អូស្រ្តាលី៖ យន្តហោះដឹក អ្នកដំណើរម៉ាឡេស៊ី MH370 ធ្លាក់ដោយអំពើមនុស្សឃាត

ស៊ីដនី៖ ទូរទស្សន៍សិង្ហបុរី Channel News Asia បានផ្សព្វផ្សាយព័ត៌មាន ឲ្យដឹងនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២០ថា លោក Tony Abbott អតីតនាយករដ្ឋមន្ត្រី អូស្ត្រាលី បានអះអាងថា ក្រុមមន្ត្រីជាន់ខ្ពស់ ម៉ាឡេស៊ី ជឿជាក់ថាការបាត់ខ្លួន យន្តហោះ MH370 គឺជាការធ្វើឲ្យធ្លាក់ ដោយកាប់ពីទែន នៅក្នុងអំពើមនុស្សឃាត មួយទ្រង់ទ្រាយធំ ។

គួរបញ្ជាក់ថា យន្តហោះដឹកអ្នកដំណើរ របស់ក្រុមអាកាសចរណ៍ ម៉ាឡេស៊ី បានបាត់ខ្លួន កាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ដែលផ្ទុកមនុស្ស ចំនួន២៣៩នាក់ ភាគច្រើន ជាអ្នកមកពីប្រទេសចិន ធ្វើដំណើរទៅមក ដោយចេញពីក្រុងកូឡាឡាំពួរ ឆ្ពោះទៅក្រុងប៉េកាំង ។

មិនមានសញ្ញាណាមួយ ដែលបញ្ជាក់អំពី ការរកឃើញយន្តហោះនេះ នៅក្នុងផ្ទៃក្រឡា ១២០.០០០គីឡូម៉ែត្រ នៅក្នុងមហាសមុទ្រឥណ្ឌា ដែលជាគោលដៅនៃការរុករក និងបានដឹកនាំ ការស្រាវជ្រាវ ដោយប្រទេសអូស្ត្រាលី ដែលជាការរុករក ដ៏ធំបំផុត ក្នុងវិស័យអាកាសចរណ៍ ជាប្រវត្តិសាស្ត្រ ដែលបានផ្អាក ការរុករក នៅក្នុងខែមករា ឆ្នាំ២០១៧ ។

ក្រុមហ៊ុនរុករកមួយ របស់សហរដ្ឋអាមេរិក បានបើកប្រតិបត្តិការ នៃការរុករក នៅក្នុងឆ្នាំ២០១៨ ប៉ុន្តែ ក្រុមហ៊ុនបានបញ្ចប់ទៅវិញ ក្រោយពីបានប្រើពេលប៉ុន្មានខែ ក្នុងការរុករក ដោយមិនទទួល បានផលអ្វីឡើយ ៕

ដោយ៖ ម៉ៅ បុប្ផាមករា

To Top