បរទេស៖ករណីកូរ៉ូណាវីរុស នៅក្នុងប្រទេសកូរ៉េខាងត្បូង នាថ្ងៃចន្ទនេះ បានកើនឡើងខ្លាំងជាថ្មី ដោយមជ្ឈមណ្ឌលទទួលបន្ទុកគ្រប់គ្រងនិងទប់ស្កាត់ជម្ងឺកូរ៉េ បានរាយការណ៍ថា មានអ្នកជម្ងឺថ្មីចំនួន២៧៧នាក់ បណ្ដាលឲ្យមានករណីជម្ងឺឆ្លងតាមផ្លូវដង្ហើមថ្មីនេះសរុបទាំងអស់៨០៣នៅកូរ៉េខាងត្បូង។
ចំណែកចំនួនអ្នកស្លាប់សរុបបណ្ដាលមកពីជម្ងឺឆ្លង បណ្ដាលឡើងដោយកូរ៉ូណាវីរុសថ្មី ដែលមានប្រភពផ្ទុះដំបូងនៅក្នុងទីក្រុង Wuhan ប្រទេសចិននោះ តាមសេចក្តីរាយការណ៍ បានកើនឡើងដល់ចំនួន៧នាក់ហើយ ដោយមានករណីស្លាប់ពីរករណី ត្រូវបានគេរាយការណ៍នៅថ្ងៃចន្ទនេះ។
គួរបញ្ជាក់ថា នៅថ្ងៃអាទិត្យម្សិលមិញនេះ ប្រទេសកូរ៉េខាងត្បូង បានបង្កើនការប្រកាសអាសន្នដ៏ខ្ពស់បំផុត ដោយលោកប្រធានាធិបតី មូន ជេអ៊ីន និយាយថា ការផ្ទុះឡើងនៃកូរ៉ូណាវីរុស បានឡើងដល់ចំណុចរបត់ដ៏ធ្ងន់ធ្ងរ ហើយលោកបានព្រមានថា ពីរបីថ្ងៃក្រោយទៀត ជាពេលដ៏សំខាន់ក្នុងការប្រយុទ្ធប្រឆាំងនឹងការរីករាលនៃជម្ងឺថ្មីនេះ៕ ប្រែសម្រួល៖ប៉ាង កុង