បរទេស៖ ទីភ្នាក់ងារសហប្រតិបត្តិការ សនិ្តសុខការពារជាតិ តាមសេចក្តីរាយការណ៍ បានប្រកាសនៅថ្ងៃពុធសប្ដាហ៍នេះថា ក្រសួងការបរទេស នាពេលថ្មីៗនេះ បានអនុម័តយល់ព្រម លើការលក់យន្តហោះចម្បាំងធុនស្រាល AT-6C Wolverine ចំនួន៤គ្រឿង និងសម្ភារៈពាក់ព័ន្ធឲ្យទៅប្រទេសទុយនេស៊ី។
យោងតាមទីភ្នាក់ងារ សហប្រតិបត្តិការសនិ្តសុខការពារជាតិ រដ្ឋាភិបាលនៃប្រទេសទុយនេស៊ី បានស្នើសុំទិញយន្តហោះ AT-6C Wolverine ចំនួន៤គ្រឿង រួមជាមួយនឹងសម្ភារៈគាំទ្រផ្សេងៗ ជារួមមានក្រុមគ្រប់គ្រងកុំព្យូទ័រ MAU-169 គ្រាប់បែក MK81 250 LB GP ចំនួន៤៦៨គ្រាប់ និងប្រព័ន្ធអាវុធវាយប្រហារសម្លាប់ដ៏ទំនើប ចំនួន៣.២៩០ ក៏ដូចជាគ្រឿងផ្គុំគ្រាប់បែក និងគ្រាប់បែកសម្រាប់ហ្វឹកហាត់។
សេចក្តីប្រកាសរបស់ ទីភ្នាក់ងារសហប្រតិបត្តិការ សនិ្តសុខការពារជាតិ បាននិយាយប្រាប់ថា ការលក់ដែលស្នើឡើងនោះ នឹងធ្វើឲ្យកាន់តែប្រសើរឡើង នូវសមត្ថភាពរបស់ប្រទេសទុយនេស៊ី តម្រូវទៅតាមការគម្រាមកំហែង នាពេលបច្ចុប្បន្ននិងអនាគត តាមរយៈការបង្កើនសមត្ថភាពប្រឆាំងអំពើភេរវកម្ម និងការគម្រាមកំហែងពី អង្គការជ្រុលនិយមដទៃទៀត ៕
ប្រែសម្រួល៖ ប៉ាង កុង