បរទេស៖ នៅថ្ងៃពុធសប្ដាហ៍នេះ សមាជិករដ្ឋសភាអាមេរិក តាមសេចក្តីរាយការណ៍ បានព្រមានថ្នាក់ដឹកនាំមន្ទីរបញ្ចកោណ មិនឲ្យបង្វែរប្រាក់កំណត់ សម្រាប់កញ្ចប់ថវិកាការពារជាតិ យកទៅកសាងផ្នែកបន្ថែមទៀត របស់ជញ្ជាំងរបងព្រំដែនភាគខាងត្បូង របស់សហរដ្ឋអាមេរិក។
នៅក្នុងអំឡុងកិច្ចប្រជុំ គណៈកម្មាធិការសេវាកម្ម ប្រដាប់អាវុធរបស់រដ្ឋសភា ស្តីពីកញ្ចប់ថវិកាក្រសួងការពារជាតិ សម្រាប់ឆ្នាំ២០២១ សមាជិកសភាមកពីបក្សសាធារណរដ្ឋ និងបក្សលទ្ធិប្រជាធិបតេយ្យ បានបង្ហាញក្តីព្រួយបារម្ភថា មន្ទីរបញ្ចកោណនឹងបង្វែរថវិកា ដែលបានគ្រោងទុកសម្រាប់គម្រោងនានា ដូចជាប្រតិបត្តិការប្រឆាំងគ្រឿងញៀន និងគម្រោងសាងសង់សម្រាប់យោធា។
គួរបញ្ជាក់ថា កាលពីដើមខែនេះ មន្ទីរបញ្ចកោណបានដាក់សំណើ ឲ្យរៀបចំឡើងវិញសារជាថ្មី ដើម្បីបង្វែរប្រាក់ ៣,៨ពាន់លានដុល្លារ គឺ២,០២ពាន់លានដុល្លារ មកពីមូលនិធិឆ្នាំ២០២០ និង១,៦ពាន់លានដុល្លារ ក្នុងប្រតិបត្តិការយថាហេតុនៅបរទេស ឆ្នាំ២០២០ យកទៅផ្គត់ផ្គង់ផ្នែកនៃជញ្ជាំងរបងព្រំដែន ៕
ប្រែសម្រួល៖ ប៉ាង កុង