ព័ត៌មានអន្តរជាតិ

មន្ត្រីការទូតអាមេរិក និងកូរ៉េខាងត្បូង ពិភាក្សាគ្នាអំពីបញ្ហា កូរ៉េខាងជើង

បរទេស៖ មន្ត្រីការទូតសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ តាមសេចក្តីរាយការណ៍ បានពិភាក្សាប្តូរយោបល់គ្នាតាមទូរស័ព្ទ ស្តីពីបញ្ហាកូរ៉េខាងជើង ស្របពេលដែលទីក្រុងសេអ៊ូល កំពុងតែប្រឹងប្រែងទប់ស្កាត់ ការឆ្លងរីករាលដាលនៃកូរ៉ូណាវីរុស។ 

លោក លី ដូហ៊ូន ជាតំណាងពិសេសទទួលបន្ទុក កិច្ចការសន្តិភាពនិងសន្តិសុខឧបទ្វីបកូរ៉េ របស់ប្រទេសកូរ៉េខាងត្បូង បាននិយាយជាមួយ លោក  Stephen Biegun អនុរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក នៅក្នុងគម្រប់ខួបមួយឆ្នាំ នៃជំនួបកំពូលអាមេរិក-កូរ៉េខាងជើងទីពីរ ក្នុងប្រទេសវៀតណាម។ 

ភាគីទាំងពីរបានធ្វើការវាយតម្លៃ ពីស្ថានភាពលើឧបទ្វីបកូរ៉េ ចាប់ពីខែមករាមក ជាពេលដែលមន្ត្រីសហរដ្ឋអាមេរិក និងមន្ត្រីកូរ៉េខាងត្បូង បានជួបគ្នាក្នុងទីក្រុងវ៉ាស៊ីនតោន ដើម្បីពិភាក្សាគ្នាពីមធ្យោបាយ ដែលភាគីទាំងពីរ អាចធ្វើការងាររួមគ្នា លើការលុបបំបាត់អាវុធនុយក្លេអ៊ែទាំងស្រុង និងសម្រេចបានដំណោះស្រាយ សន្តិភាពអចិន្ត្រៃយ៍លើឧបទ្វីបកូរ៉េ៕

ប្រែសម្រួល៖ ប៉ាង កុង 

To Top