ព័ត៌មានអន្តរជាតិ

អនុប្រធានាធិបតីអ៊ីរ៉ង់ម្នាក់ទៀត ឆ្លងវីរុស Covid-19 ខណៈអ្នកស្លាប់នៅប្រទេសមជ្ឈឹមបូព៌ា មួយនេះកើនដល់ ២៦នាក់

បរទេស៖ សារព័ត៌មានរបស់រដ្ឋមួយ របស់អ៊ីរ៉ង់បានផ្សាយថា លោកស្រី Masoumeh Ebtekar អនុប្រធានាធិបតីអ៊ីរ៉ង់ម្នាក់ បានឆ្លងវីរុស Covid-19។ លោកស្រី គឺជាអនុប្រធានាធិបតី ទទួលបន្ទុកស្ត្រីនិងកិច្ចការគ្រួសារ។ រោគសញ្ញារបស់នាងត្រូវបានគេនិយាយថា ស្រាលហើយលោកស្រីមិនបាន ចូលមន្ទីរពេទ្យនោះទេ។ ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកស្លាប់ COVID-19 ខ្ពស់ បំផុតគឺមានចំនួន ២៦នាក់ បន្ទាប់ពីប្រទេសចិន ហើយមានអ្នកឆ្លង ២៥៤ នាក់។ 

យោងតាមសារព័ត៌មាន Sky News ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា ប្រទេសអ៊ីរ៉ង់មានចំនួនអ្នកស្លាប់ COVID-19 ខ្ពស់បំផុត បន្ទាប់ពីប្រទេសចិន។ យ៉ាងហោចណាស់មានមនុស្ស ២៦ នាក់បានស្លាប់ហើយមាន ២៥៤ ករណីដែលត្រូវបានបញ្ជាក់ថាឆ្លង រួមទាំងការឆ្លងថ្មីចំនួន ១០៦ ។

ប្រហែលជា ១០ ភាគរយនៃអ្នកដែលបាន ធ្វើតេស្ត៍វិជ្ជមាននៅអ៊ីរ៉ង់ចំពោះជំងឺ COVID-19 ដែលជាជំងឺបង្កឡើង ដោយវីរុសកូរ៉ូណា។  ប៉ុន្តែអង្គការសុខភាព ពិភពលោកបាននិយាយថា តួលេខអ្នកស្លាប់ដែលមានចំនួនច្រើននេះ ភាគច្រើនជាករណីស្រាល ដែលមិនត្រូវបានគេលើកយកមកនិយាយ។

ទីភ្នាក់ងារសារព័ត៌មានរដ្ឋ IRNA បាននិយាយថា អ៊ីរ៉ង់ក៏បានហាមឃាត់ពលរដ្ឋចិន មិនឱ្យចូលក្នុងប្រទេសនេះដែរ។ សេចក្តីប្រកាសអំពីលោកស្រី Ebtekar មានផ្ទុកមេរោគនេះបានកើតឡើងពីរថ្ងៃបន្ទាប់ពី អនុរដ្ឋមន្រ្តីសុខាភិបាលលោក Iraj Harirchi  ដែលមានភារកិច្ចដឹកនាំ ដើម្បីដោះស្រាយការផ្ទុះឡើង នៃជំងឺនេះនៅក្នុងប្រទេស បានឆ្លងវីរុសកូវីដនេះដែរ។

លោក Iraj Harirchi ត្រូវបានគេមើលឃើញថា បែកញើសនិងហាក់ដូចជាមិនស្រួលនៅក្នុង សន្និសីទសារព័ត៌មានអំពីវីរុសនេះ។

លោក Harirchi អនុរដ្ឋមន្រ្តីក្រសួងសុខាភិបាល និងជាប្រធានក្រុមការងារទទួលបន្ទុក ប្រឆាំងនឹងមេរោគឆ្លង នៃប្រទេសអ៊ីរ៉ង់បានបង្ហោះវីដេអូតាមប្រព័ន្ធអ៊ីនធឺណេត បញ្ជាក់ថាគាត់មានផ្ទុកមេរោគនិងកំពុងដាក់ឱ្យ នៅដោយឡែកនៅក្នុងផ្ទះ។

សូមជម្រាបថា អាជ្ញាធរសុខាភិបាលចិន បាននិយាយនៅថ្ងៃសុក្រនេះថា អ្នកជំងឺសរុបចំនួន ៣៦,១១៧ នាក់ដែលបានឆ្លងវីរុស Covid-19នេះ ត្រូវបានបញ្ជូនចេញពី មន្ទីរពេទ្យបន្ទាប់ពីបានជាសះស្បើយកាលពីល្ងាចថ្ងៃព្រហស្បតិ៍។ គណៈកម្មាធិសុខភាពរដ្ឋបាននិយាយនៅថ្ងៃសុក្រនេះថា ចំនួនអ្នកស្លាប់ដោយសារ ជំងឺរលាកផ្លូវដង្ហើមថ្មី (COVID-១៩) នៅក្នុងប្រទេសចិនដីគោក បានកើនឡើងដល់ ២.៧៨៨ នាក់៕

ប្រែសម្រួលៈ ណៃ តុលា

To Top