បរទេស៖ កងទ័ពជើងទឹកសហរដ្ឋអាមេរិក បាននិយាយនៅថ្ងៃព្រហស្បតិ៍នេះថា នាវាចម្បាំងយោធាចិន បានបាញ់កាំរស្មីឡាស៊ែរកម្រិតយោធា ទៅលើយន្ដហោះស៊ើបការណ៍ របស់កងទ័ពជើងទឹកអាមេរិក P-8 កាលពីសប្តាហ៍មុន ខណៈពេលដែលយន្តហោះនោះ កំពុងហោះហើរនៅលើមហាសមុទ្រប៉ាស៊ីហ្វិក ដែលសកម្មភាពនេះ ត្រូវកងទ័ពជើងទឹកអាមេរិកហៅថា“ គ្មានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ។
យោងតាមសារព័ត៌មាន CNN ចេញផ្សាយនៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២០ បានឱ្យដឹងថា សេចក្តីថ្លែងការណ៍របស់កងទ័ពជើងទឹកអាមេរិក ប្រចាំនៅតំបន់ប៉ាស៊ីហ្វិក កាលពីថ្ងៃព្រហស្បតិ៍ បាននិយាយថា“ សកម្មភាពរបស់នាវាពិឃាត កងទ័ពជើងទឹកសាធារណៈរដ្ឋ ប្រជាមានិតចិនគឺមិនមានសុវត្ថិភាព និងគ្មានវិជ្ជាជីវៈ” ។ សេចក្តីថ្លែងការណ៍បានបន្ថែមថា“ ឡាស៊ែរប្រភេទអាវុធនេះ អាចបង្កគ្រោះថ្នាក់យ៉ាងធ្ងន់ធ្ងរ ដល់យន្ដហោះ និងនាវាចម្បាំង នាវិក ក៏ដូចជាប្រព័ន្ធនាវានិងយន្ដហោះ” ។
កាំរស្មីឡាស៊ែរថ្នាក់យោធា ដែលត្រូវបានគេស្គាល់ជាញឹកញាប់ថាជា “ អ្នកបញ្ចាំងពន្លឺ” ជាកាំរស្មីដ៏មានអនុភាព ដែលអាចធ្វើដំណើរបានឆ្ងាយ។ មន្រ្តីការពារជាតិបានប្រាប់ CNN ថា ការតវ៉ាប្រឆាំងការទូតជាផ្លូវការ ត្រូវបានគេរំពឹងថានឹងចេញផងដែរ។
ឧប្បត្តិហេតុនេះកើតឡើង ចំពេលភាពតានតឹងកំពុង បន្តរវាងយោធាអាមេរិកនិងចិន។
មន្ទីរប៉ង់តាហ្គោនបាន និយាយម្តងហើយម្តងទៀតថា ប្រទេសចិនតំណាងឱ្យការគំរាមកំហែង កាន់តែខ្លាំងឡើងដល់សន្តិសុខ ក្នុងតំបន់ដោយនិយាយថា ការវិនិយោគទុនរបស់ចិន នៅក្នុងវិស័យយោធារបស់ខ្លួន គឺមានគោលបំណងដើម្បី ទទួលបាននូវឥទ្ធិពលនៅក្នុងតំបន់។
រដ្ឋមន្រ្តីក្រសួងការពារជាតិអាមេរិកលោក Mark Esper បាននិយាយកាលពីដើមខែនេះថា ជាយូរមកហើយ យើងបានឃ្លាំមើលពួកគេដណ្តើម កាន់កាប់និងធ្វើយោធាលើកោះ នៅសមុទ្រចិនខាងត្បូង និងធ្វើទំនើបកម្មកម្លាំងប្រដាប់អាវុធ របស់ពួកគេយ៉ាងឆាប់រហ័ស ខណៈពេលដែលកំពុងស្វែងរក ការប្រើប្រាស់បច្ចេកវិទ្យាដែល កំពុងរីកចម្រើនដើម្បីផ្លាស់ប្តូរទេសភាព នៃអំណាចនិងផ្លាស់ប្តូរពិភពលោក ៕
ប្រែសម្រួលៈ ណៃ តុលា