បរទេស៖ ប្រទេសរុស្ស៊ី តាមសេចក្តីរាយការណ៍ បានបញ្ជូននាវាចម្បាំងចំនួនពីរគ្រឿង ទៅកាន់តំបន់មជ្ឈិមបូព៌ា នៅថ្ងៃសុក្រម្សិលមិញនេះ ក្រោយទាហានតួកគីជាច្រើននាក់ បានស្លាប់បាត់បង់ជីវិត ក្នុងការវាយប្រហារមួយនៅប្រទេសស៊ីរី ភាគពាយព្យ បង្កឲ្យមានការភ័យ ពីកំណើននៃជម្លោះ។
ក្រសួងការពារជាតិរុស្ស៊ី បាននិយាយថា កងទ័ពតួកគី នៅខេត្ត Idlib បានធ្លាក់ចូលក្នុងការវាយប្រហារ ពីកងកម្លាំងរដ្ឋាភិបាលស៊ីរី ហើយប្រទេសរុស្ស៊ី ដែលគាំទ្រផ្នែកយោធា ចំពោះរដ្ឋាភិបាលស៊ីរី បានធ្វើការរិះគន់ថ្កោលទោសតួកគី ចំពោះការស្លាប់ទាហានទាំងនោះ ដោយនិយាយថា ពួកគេឈរជើងនៅក្នុងតំបន់ស្ថិត ជិតទីតាំងបង្កើតភេរវករ។
គួរបញ្ជាក់ថា ប្រទេសតួកគី ដែលជាសម្ពន្ធមិត្តណាតូមួយដែរនោះ បានអំពាវនាវឲ្យសហរដ្ឋអាមេរិក និងសមាជិកអង្គការសម្ពន្ធមិត្តនានា ជួយការពារកងទ័ពនិងពង្រឹកការពារ តំបន់គ្មានការហោះហើរ នៅខេត្ត Idlib ជាទីដែលកងកម្លាំងរដ្ឋាភិបាលស៊ីរី និងពួកឧទ្ទាម ធ្វើការប្រយុទ្ធគ្នារយៈពេលជាច្រើនខែ ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ អង្គការណាតូ បដិសេធមិនចូលធ្វើអន្តរាគមន៍៕
ប្រែសម្រួល៖ប៉ាង កុង
