បរទេស៖ ទីភ្នាក់ងារឃ្លាំមើល គ្រាប់អាតូមិក របស់អង្គការសហប្រជាជាតិ នៅថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ តាមសេចក្តីរាយការណ៍ បាននិយាយប្រាប់ថា ប្រទេសអ៊ីរ៉ង់ បានបង្កើនជិតចំនួន៣ដង នូវស្តុកសារធាតុ អ៊ុយរ៉ានីញ៉ូម ចម្រាញ់រូច គិតចាប់តាំងពី ខែវិច្ឆិកាមក។
ក្រុមអ្នកជំនាញ ត្រួតពិនិត្យមកពី ទីភ្នាក់ងារថាមពល អាតូមិកអន្តរជាតិ បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានស្តុកសារធាតុ អ៊ុយរ៉ានីញ៉ូម ចម្រាញ់រួចកម្រិតទាប ជាង១.០២០គីឡូក្រាម នៅត្រឹមថ្ងៃទី១៩ ខែកុម្ភៈ ឡើងពីចំនួន ៣៧២គីឡូក្រាម នៅថ្ងៃទី០៣ ខែវិច្ឆិកា និងថា នៅពេលថ្មីៗនេះ អ៊ីរ៉ង់បានបង្កើន ចំនួនម៉ាស៊ីន ដែលប្រើសម្រាប់ចម្រាញ់ សារធាតុអ៊ុយរ៉ានីញ៉ូម ធ្វើឲ្យផលិតកម្មឥន្ធនៈនុយក្លេអ៊ែ មានសន្ទុះកាន់តែលឿន។
គួរបញ្ជាក់ថា ចំនួនសរុប នៃសារធាតុអ៊ុយរ៉ានីញ៉ូម របស់ប្រទេសអ៊ីរ៉ង់នេះ គឺបានហួសដែនកំណត់ ត្រឹម២០២,៨គីឡូក្រាម ដែលត្រូវបានអនុញ្ញាតក្រោម កិច្ចព្រមព្រៀង នុយក្លេអ៊ែ ឆ្នាំ២០១៥ រវាងប្រទេសអ៊ីរ៉ង់ និងមហាអំណាច ពិភពលោកចំនួន៦៕
ប្រែសម្រួល៖ប៉ាង កុង