ព័ត៌មានអន្តរជាតិ

អ៊ីតាលី បិទសាលារៀន និងសាកលវិទ្យាល័យទាំងអស់ ចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី១៥មីនា ក្នុងពេលអ្នកស្លាប់ដោយសារ កូវីដ១៩ កើនដល់១០៧នាក់

រ៉ូម៖ នាយកដ្ឋានការពារ ជនស៊ីវិល បាននិយាយកាលពីថ្ងៃពុធថា មនុស្សសរុបចំនួន ២.៧០៦នាក់ បានធ្វើតេស្តិ៍វិជ្ជមាន សម្រាប់ជំងឺរលាកសួត ធ្ងន់ធ្ងរ ឬ កូវីដ១៩ នៅក្នុងប្រទេសអ៊ីតាលី ចាប់តាំងពីការផ្ទុះឡើង ដំបូងបានកើនឡើង ពីចំនួន ២.២៦៣ ករណី កាលពីល្ងាចថ្ងៃអង្គារ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួចេញផ្សាយនៅថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ ដោយផ្អែកតាមការលើកឡើង របស់លោកប្រធាន នាយកដ្ឋាន ការពារជនស៊ីវិលលោក Angelo Borrelli ថា លើសពីនេះមាន អ្នកស្លាប់ចំនួន ១០៧ នាក់ ដែលកើនឡើងពី ៧៩ នាក់ដែលបានស្លាប់កាលពីថ្ងៃអង្គារ ខណៈអ្នកជំងឺ ២៧៦ នាក់ផ្សេងទៀត បានជាសះស្បើយ កើនឡើងពី ១៦០ នាក់ដែលបានធូរស្បើយមួយថ្ងៃមុន។

ក្រសួងសុខាភិបាល បាននិយាយនៅក្នុង សេចក្តីថ្លែងការណ៍មួយថា“ មានអ្នកជំងឺចំនួន ១,៣៤៦ នាក់ដែលចូលសម្រាក ក្នុងមន្ទីរពេទ្យ ដោយមានរោគសញ្ញា ហើយចំនួន ២៩៥នាក់ កំពុងមើលថែយ៉ាងយកចិត្តទុកដាក់ ខណៈដែល ១.០៦៥ នាក់កំពុងស្ថិតនៅដាច់ឆ្ងាយពីគេ” ។

យោងតាមការវិភាគ របស់នាយកដ្ឋាន ការពារជនស៊ីវិល ការឆ្លងភាគច្រើន គឺមានចំនួន ១.៤៩៧នាក់ និងការស្លាប់ ៧៣នាក់បានកើតឡើងនៅតំបន់ Lombardy ភាគខាងជើង ដែលការរាលដាល បានផ្ទុះឡើងដំបូងនៅថ្ងៃទី ២១ ខែកុម្ភៈ។

នៅល្ងាចថ្ងៃពុធ នាយករដ្ឋមន្រ្តីលោក Giuseppe Conte និងរដ្ឋមន្រ្តីក្រសួងអប់រំ Lucia Azzolina បានប្រកាស នៅក្នុងសន្និសីទសារព័ត៌មាន រួមគ្នាតាមទូរទស្សន៍ថា សាលារៀននិងសាកលវិទ្យាល័យទាំងអស់ នៅទូទាំងប្រទេសអ៊ីតាលី នឹងត្រូវបិទទ្វាររហូតដល់ថ្ងៃទី ១៥ ខែមីនា។

រដ្ឋមន្ត្រី Azzolina និយាយថា“ ដោយសារស្ថានភាពជំងឺ រាតត្បាតកំពុង មានការផ្លាស់ប្តូរយ៉ាងឆាប់រហ័ស យើងបានសំរេច ជាវិធានការបង្ការទុក ជាមុនដើម្បីបញ្ឈប់សកម្មភាពអប់រំ…ចាប់ផ្តើមពីថ្ងៃស្អែក (ព្រហស្បតិ៍) រហូតដល់ថ្ងៃទី ១៥ ខែមីនា” ៕

ប្រែសម្រួលៈ ណៃ តុលា

To Top