សេអ៊ូល៖ ក្រសួងការបរទេសនៅថ្ងៃសុក្រ បានសម្តែងការសោកស្តាយយ៉ាងខ្លាំង ចំពោះផែនការផ្តាច់រយៈពេល ២សប្តាហ៍របស់ជប៉ុន សម្រាប់អ្នកទេសចរមក ពីប្រទេសកូរ៉េខាងត្បូង ជុំវិញការព្រួយបារម្ភអំពីវីរុសកូរ៉ូណា ដោយព្រមានពីវិធានការណ៍ដែលត្រូវគ្នា ទាំងអស់។
អនុរដ្ឋមន្រ្តីក្រសួងការបរទេសលោក Cho Sei-young គ្រោងកោះហៅ ឯកអគ្គរដ្ឋទូតជប៉ុនប្រចាំនៅកូរ៉េខាងត្បូងលោក Koji Tomita ដើម្បីធ្វើការតវ៉ាជាផ្លូវការ ជុំវិញវិធានការណ៍ ដែលនឹងចូលជាធរមាននៅថ្ងៃច័ន្ទ និងមានរយៈពេល រហូតដល់ចុងខែនេះ។
ទីក្រុងតូក្យូ បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ភ្ញៀវទេសចរមកពីប្រទេសកូរ៉េខាងត្បូង និងចិននឹងត្រូវស្នាក់នៅក្នុងទីតាំង ដែលបានកំណត់រយៈពេលពីរសប្តាហ៍ ដើម្បីពិនិត្យរកការឆ្លង និងចៀសវាងការប្រើប្រាស់ មធ្យោបាយធ្វើដំណើរសាធារណៈ។ ក្នុងនោះខ្លួនក៏គ្រោងនឹងផ្អាកកម្មវិធីចូលទិដ្ឋាការដោយ ឥតគិតថ្លៃរយៈពេល ៩០ថ្ងៃ សម្រាប់ជនជាតិកូរ៉េខាងត្បូង នៅថ្ងៃច័ន្ទ ៕
ដោយ ឈូក បូរ៉ា