ព័ត៌មានអន្តរជាតិ

ហ្វេសប៊ុក សម្រេចបិទការិយាល័យរបស់ខ្លួន នៅរដ្ឋ Seattle ក្រោយពីបុគ្គលិកម្នាក់ បានឆ្លងមេរោគ កូវីដ១៩

បរទេស៖ បុគ្គលិកហ្វេសប៊ុកម្នាក់ ដែលធ្វើការនៅក្នុងការិយាល័យ របស់ក្រុមហ៊ុននៅរដ្ឋ Seattle សហរដ្ឋអាមេរិក ត្រូវបានគេធ្វើរោគវិនិច្ឆ័យឃើញថា មានផ្ទុកមេរោគកូវីដ១៩ ខណៈចំនួនអ្នកស្លាប់ នៅក្នុងរដ្ឋកាលពីថ្ងៃពុធ បានកើនឡើងដល់ ១០ នាក់។

យោងតាមសារព័ត៌មាន Fox News ចេញផ្សាយ កាលពីថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ហ្វេសប៊ុក និងក្រុមហ៊ុនយក្សបច្ចេកវិទ្យាដទៃទៀត បានចាត់វិធានការ ដើម្បីការពារបុគ្គលិករបស់ពួកគេ។ ហ្វេសប៊ុកបានជូនដំណឹង ដល់និយោជិកអំពីអ្នកម៉ៅការ ដែលជាបុគ្គលិកចុងក្រោយ នៅក្នុងការិយាល័យ Stadium East នៅថ្ងៃទី ២១ ខែកុម្ភៈ។ ការិយាល័យនេះ នឹងត្រូវបិទរហូតដល់ថ្ងៃទី ៩ ខែមីនា ហើយនិយោជិក របស់ក្រុមហ៊ុនបណ្តាញសង្គមយក្សមួយនេះ ត្រូវបានលើកទឹកចិត្ត ឱ្យធ្វើការពីផ្ទះរហូតដល់ចុងខែនេះ ដោយសារការភ័យខ្លាចនៃមេរោគ។

អ្នកនាំពាក្យហ្វេសប៊ុក បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា “ យើងបានជូនដំណឹង ដល់និយោជិករបស់យើង ហើយធ្វើតាមដំបូន្មាន របស់មន្រ្តីសុខភាពសាធារណៈ ដើម្បីផ្តល់អាទិភាពដល់សុខភាព និងសុវត្ថិភាពរបស់មនុស្សគ្រប់គ្នា” ។

ចំណែក ក្រុមហ៊ុន Microsoft ក៏កំពុងចាត់វិធានការ ដើម្បីការពារបុគ្គលិករបស់ខ្លួន ប្រមាណជា ៥០,០០០ នាក់នៅតំបន់ ក្នុងរដ្ឋ Seattle ពីការឆ្លងមេរោគថ្មី ដែលបានឆ្លងយ៉ាងហោចណាស់ មនុស្សចំនួន ៣៩ នាក់នៅក្នុងតំបន់នេះ ដែលត្រូវបានចាត់ទុកថា ជាចំណុចកណ្តាលនៃការផ្ទុះឡើង នៅសហរដ្ឋអាមេរិក៕ ប្រែសម្រួលៈ ណៃ តុលា

To Top