បរទេស៖ តួកគី តាមសេចក្តីរាយការណ៍ បានចេញវីដេអូឃ្លីបមួយ នៅថ្ងៃសៅរ៍ម្សិលមិញនេះ បង្ហាញពីអ្វីដែលខ្លួននិយាយថា គឺជាទាហានក្រិក កំពុងតែបាញ់គ្រាប់ពិត ទៅលើជនអន្តោប្រវេសន៍ ដែលកំពុងតែព្យាយាម ឆ្លងព្រំដែនពីប្រទេសតួកគី ប៉ុន្តែទីក្រុងអាតែនបានបដិសេធថា កងកម្លាំងរបស់ខ្លួនមិនបាន បាញ់គ្រាប់ពិតនោះទេ។
យោងតាមប្រភពព័ត៌មាន ដែលចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Us News នៅថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២០ បានឲ្យដឹងថា វីដេអូបានបង្ហាញឲ្យ ឃើញជនអន្តោប្រវេសន៍ កំពុងតែព្យាយាមឡើងរបងឆ្លងព្រំដែន ហើយទាហានមួយរូប បានបាញ់ពួកគេ ពីផ្នែកម្ខាងទៀត។
មន្ត្រីតួកគីមួយរូបបាននិយាយប្រាប់ថា វីដេអូឃ្លីបនេះ គឺថតបានកាលពីថ្ងៃសៅរ៍ នៅជិតច្រកព្រំដែន Pazarkule ពីប្រទេសតួកគីទៅប្រទេសក្រិក ហើយបង្ហាញថា ទាហានក្រិកមួយរូប កំពុងតែបាញ់គ្រាប់ពិត។
ចំណែកមន្ត្រីរដ្ឋាភិបាលក្រិក ដែលថ្លែងបកស្រាយលើវីដេអូមួយ បាននិយាយប្រាប់សារព័ត៌ានថា កងកម្លាំងក្រិកនៅតាមព្រំដែន ប្រើគ្រាប់គ្មានក្បាល មិនមែនគ្រាប់ពិតនោះទេ ៕
ប្រែសម្រួល៖ ប៉ាង កុង