ព័ត៌មានអន្តរជាតិ

យូអិនស្វះស្វែងរកប្រាក់ ៦២១លានដុល្លារ ដើម្បីជួយដល់អ្នកសុំសិទ្ធិជ្រកកោន នៃសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ

បរទេស៖ ទីភ្នាក់ងារទទួលបន្ទុក កិច្ចការជនភៀសខ្លួនរបស់ អង្គការសហប្រជាជាតិ នាពេលថ្មីៗនេះ តាមសេចក្តីរាយការណ៍ បានអំពាវនាវស្វះស្វែងរកប្រាក់ ៦២១លានដុល្លារ ដើម្បីជួយមនុស្សជិតមួយលាននាក់ មកពីសាធារណរដ្ឋ ប្រជាធិបតេយ្យកុងហ្គោ ដែលកំពុងស្វែងរកសិទ្ធិជ្រកកោន នៅក្នុងប្រទេសជិតខាងនានា។

ឧត្តមស្នងការទទួលបន្ទុក កិច្ចការជនភៀសខ្លួន អង្គការសហប្រជាជាតិ បានប្រកាសពីគម្រោងនេះ កាលពីថ្ងៃសុក្រ ដើម្បីស្វែងរកថវិកាឧបត្ថម្ភ សម្រាប់អង្គការចំនួន ៦៦អង្គការ ដែលផ្តល់កិច្ចការពារ និងជំនួយមនុស្សធម៌ ឲ្យដល់ជនអន្តោប្រវេសន៍ និងប្រទេសដែលទទួលពួកគេ។

នៅក្នុងសេចក្តីថ្លែងការណ៍មួយ ឧត្តមស្នងការទទួលបន្ទុក កិច្ចការជនភៀសខ្លួន បានមានប្រសាសន៍ថា “ស្ថានភាពនៅក្នុងសាធារណរដ្ឋកុងហ្គោ នៅតែជាវិបត្តិមនុស្សជាតិដ៏ស្មុគស្មាញ និងអូសបន្លាយយូរអង្វែងបំផុត នៅអាហ្វ្រិក ហើយជនភៀសខ្លួន សាធារណរដ្ឋកុងហ្គោ កំពុងតែស្វះស្វែងរកសុវត្ថិភាព នៅក្នុងតំបន់នានា ដែលសហគមន៍ទទួលឲ្យនៅអាស្រ័យ ក៏កំពុងតែស្ថិតនៅក្រោម សម្ពាធរួចទៅហើយ ដោយសារតែមានធនធានតិចតួច” ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top