ព័ត៌មានអន្តរជាតិ

កូរ៉េខាងត្បូងនិយាយថា កូរ៉ូណាវីរុស នឹងស្ថិតនៅក្រោម ការគ្រប់គ្រង

បរទេស៖ ស្របពេលដែលប្រទេសកូរ៉េខាងត្បូង បញ្ជាក់ថា មានករណីកូរ៉ូណាវីរុស នៅតែបន្តកើនឡើងនោះ មន្ត្រីសុខាភិបាលនៃប្រទេសនេះ បាននិយាយនៅថ្ងៃចន្ទនេះថា ការផ្ទុះឡើងនៃវីរុសថ្មី កំពុងតែមានភាពស្មើ និងបានបង្ហាញពីទំនុកចិត្តថា “យើងនឹងយកឈ្នះលើជម្ងឺនេះ”។

លោក គីម ហ្គាងលីប ជាអនុរដ្ឋមន្ត្រីនៃ ក្រសួងសុខាភិបាលនិងសុខុមាលភាព នៅក្នុងសន្និសីទកាសែត ធ្វើឡើងដោយមន្ត្រីសុខាភិបាល និងមន្ត្រីរដ្ឋាភិបាលជាច្រើននាក់ សម្រាប់អ្នកសារព័ត៌មានអន្តរជាតិ នៅក្នុងទីក្រុងសេអ៊ូល បានមានប្រសាសន៍យ៉ាងដូច្នេះថា “ស្ថានភាពកំពុងតែស្ថិតក្រោម ការគ្រប់គ្រងជាប្រចាំ យើងនឹងឃើញភាពជោគជ័យ នៅក្នុងកិច្ចខិតខំប្រឹងប្រែងរបស់យើង ទប់ស្កាត់ការរីករាលដាលនៃជម្ងឺឆ្លងនេះ”។

គួរបញ្ជាក់ថា មជ្ឈមណ្ឌលគ្រប់គ្រង និងទប់ស្កាត់ជម្ងឺកូរ៉េ បាននិយាយប្រាប់ថា ចំនួនឆ្លងថ្មី នៅក្នុងពេលប៉ុន្មានថ្ងៃថ្មីៗនេះ កំពុងតែមានការថយចុះ ហើយករណីឆ្លងសរុប នៅក្នុងប្រទេសកូរ៉េខាងត្បូង គឺស្ថិតនៅក្នុងចំនួន ៧.៤៧៨ករណី ដោយមានអ្នកជម្ងឺថ្មីចំនួន ៩៦នាក់ ក្នុងរយៈពេល ១៦ម៉ោងដំបូង នាថ្ងៃចន្ទ ៕

ប្រែសម្រួល៖ ប៉ាង កុង

To Top