ព័ត៌មានអន្តរជាតិ

កងទ័ពថៃ ចាប់ផ្តើមបាញ់ថ្នាំកម្ចាត់ មេរោគតាមដងផ្លូវ ក្នុងក្រុង បាងកក

បរទេស៖ កងទ័ពនៅព្រឹកថ្ងៃព្រហស្បតិ៍នេះ បានចាប់ផ្តើមបាញ់ថ្នាំនៅតាមដងផ្លូវក្នុងទីក្រុងបាងកក ដោយប្រើថ្នាំសម្លាប់មេរោគ ដើម្បីប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលនៃវីរុស Covid-19 ។

យោងតាមសារព័ត៌មាន បាងកកប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា អង្គភាពកងទ័ពត្រូវបានដាក់ពង្រាយដើម្បីអនុវត្តការងារ សំអាតប្រចាំថ្ងៃចាប់ពីម៉ោង ១ ព្រឹក ដល់ម៉ោង ៥ ព្រឹក រហូតដល់ចុងខែ។ ប្រតិបត្ដិការសំអាត ប្រើទឹកលាយជាមួយសារធាតុសំលាប់ មេរោគឬបាក់តេរី។

អ្នកនាំពាក្យរងកងទ័ពលោក Sirichan Ngathong បាននិយាយថា ការបាញ់ថ្នាំនេះ ដែលត្រូវបានយល់ព្រមនៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់នៃអង្គភាពកងទ័ព ដែលដឹកនាំដោយមេបញ្ជាការកងទ័ពលោក Apirat Kongsompong គឺ ត្រូវបានអនុវត្តដោយអង្គភាពកាំភ្លើងធំការពារដែនអាកាស និងនាយកដ្ឋានគីមីកងទ័ព។

រថយន្តធំបានបាញ់ថ្នាំសម្លាប់មេរោគជាមួយទឹក នៅតាមដងផ្លូវនានា ដែលឆ្លងកាត់តំបន់ដែលមាន មនុស្សច្រើនកុះករដោយបើកប្រតិបត្តិការនៅពេលព្រឹកដើម្បីចៀសវាង បង្កការកកស្ទះចរាចរណ៍។

ការសំអាតនេះផ្តោតលើ ផ្លូវជុំវិញតំបន់ពាណិជ្ជកម្ម ស្ថានីយ៍ដឹកជញ្ជូន កំពង់ផែ កន្លែងសិក្សា តំបន់សកម្មភាពក្រៅ និងកន្លែងប្រមូលផ្តុំសាធារណៈ៕

ប្រែសម្រួលៈ ណៃ តុលា

To Top