ព័ត៌មានអន្តរជាតិ

តោះទៅផ្ទះវិញ, ក្រុមគ្រូពេទ្យចិន ១២.០០០នាក់ បានចាកចេញពីខេត្តហ៊ូប៉ី ត្រឡប់ទៅផ្ទះវិញ ក្រោយពីស្ថានភាពរាតត្បាតជំងឺ បានធូរស្រាលកាន់តែខ្លាំង

ប៉េកាំង៖ អាជ្ញាធរសុខាភិបាលរបស់​ ប្រទេសចិនបាននិយាយ កាលពីថ្ងៃសុក្រថា បុគ្គលិកពេទ្យសរុបចំនួន ១២.០០០នាក់ ដែលគាំទ្រខេត្តហ៊ូប៉ី ក្នុងការប្រយុទ្ធប្រឆាំងនឹងវីរុសឆ្លងកូវីដ១៩ បានចាប់ផ្តើមចាកចេញពីខេត្តនេះ ចាប់តាំងពីថ្ងៃអង្គារមក ដោយសារស្ថានភាពរាតត្បាត បានធូរស្រាលកាន់តែខ្លាំង។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក Guo Yanhong មន្ត្រីគណៈកម្មការសុខភាពជាតិ បានលើកឡើងនៅក្នុងសន្និសីទកាសែតថា ពេទ្យដែលត្រូវចាកចេញគឺ ភាគច្រើនជាអ្នកធ្វើការ នៅក្នុងមន្ទីរពេទ្យបណ្តោះអាសន្ន និងមន្ទីរពេទ្យ ដែលបានចាត់តាំងសម្រាប់ករណីមិនធ្ងន់ធ្ងរ។

លោក Yanhong បាននិយាយថាអ្នកជំនាញ និងក្រុមគ្រូពេទ្យដែលព្យាបាលករណីធ្ងន់ធ្ងរ គឺកំពុងធ្វើការនៅខេត្តហ៊ូប៉ីនៅឡើយ ហើយនឹងស្នាក់នៅរហូត ដល់បេសកកម្មវេជ្ជសាស្ត្រទាំងអស់ ត្រូវបានបញ្ចប់។ មន្ត្រីបាននិយាយថា ខេត្តនិងក្រុងនានា បានរៀបចំផែនការលម្អិត ដើម្បីស្វាគមន៍ពួកគេ។

មន្ត្រីគណៈកម្មការសុខភាពជាតិ រូបនេះ បានបន្ថែមទៀតថា បុគ្គលិកពេទ្យ នឹងត្រូវសម្រាកឱ្យបានគ្រប់គ្រាន់ ក្នុងពេលនៅឱ្យនៅដោយឡែកនេះ បន្ទាប់ពីពួកគេបានត្រឡប់មកវិញ និងទទួលបានការតាមដាន ផ្នែកវេជ្ជសាស្ត្រយ៉ាងដិតដល់ផងដែរ។

ជារួម ប្រទេសចិនបានបញ្ជូន អ្នកជំនាញវេជ្ជសាស្ត្រចំនួន ៤២.០០០នាក់ ទៅកាន់ខេត្តហ៊ូប៉ី ក្នុងអំឡុងពេលនៃការផ្ទុះឡើង នៃជំងឺរលាកផ្លូវដង្ហើមធ្ងន់ធ្ងរ ឬកូវីដ១៩ ហើយគ្មាននរណាម្នាក់ឆ្លងជំងឺនេះទេ ៕

ប្រែសម្រួលៈ ណៃ តុលា

To Top