បរទេស ៖ ប្រេសិតពិសេសអង្គការសហប្រជាជាតិ ទទួលបន្ទុកកិច្ចការស៊ីរី នៅថ្ងៃអង្គារនេះ បានអំពាវនាវ ឲ្យមានបទឈប់បាញ់គ្នា ទូទាំងប្រទេសភ្លាម នៅទូទាំងប្រទេសស៊ីរី ដើម្បីឲ្យដំណើរការកិច្ច ខិតខំប្រឹងប្រែង ទប់ស្កាត់វីរុសកូវីដ១៩ ។
នៅក្នុងសេចក្តីថ្លែង ការណ៍មួយ លោក Geir Pedersen ក៏បានអំពាវនាវផ្អែកលើ កត្តាមនុស្សធម៌ ឲ្យមានការដោះលែងអ្នកទោស ទ្រង់ទ្រាយធំ នៅក្នុងប្រទេសស៊ីរី និងឲ្យបញ្ជូនបុគ្គលិកពេទ្យ ទៅកាន់អគារពន្ធនាគារនានា ដើម្បីជួយធ្វើឲ្យប្រាកដថា មានការផ្តល់តំហែទាំផ្នែកសុខាភិបាល គ្រប់គ្រាន់ ដល់អ្នកទោស។
គួរបញ្ជាក់ថា កាលពីថ្ងៃអាទិត្យកន្លងទៅថ្មីៗនេះ រដ្ឋាភិបាលរបស់លោក បាហ្សា អាល់អាសាដ បានប្រកាសពីករណីកូរ៉ូណាវីរុស ដំបូងក្នុងប្រទេស បន្ទាប់ពីមានរបាយការណ៍លើកឡើងថា វីរុសត្រូវបានគេរកឃើញ ប៉ុន្តែត្រូវបានគេលាក់បាំង ហើយការចោទប្រកាន់បែបនេះ ត្រូវបានមន្ត្រីស៊ីរីបដិសេធច្រានចោល ៕
ប្រែសម្រួល៖ប៉ាង កុង