Covid-19

ឥណ្ឌា ប្រកាសបិទប្រទេស ទាំងមូលរយៈពេល២១ថ្ងៃ ដើម្បីការពារពីការ រាលដាលជំងឺកូវីដ១៩

ញូដេលី៖ ក្នុងគោលបំណង ដើម្បីប្រយុទ្ធប្រឆាំង នឹងការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩ នាយករដ្ឋមន្រ្តីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី កាលពីថ្ងៃអង្គារ បានប្រកាស“ បិទប្រទេសទាំងមូល” រយៈពេល ២១ ថ្ងៃ ដោយចាប់ផ្តើមពីថ្ងៃអង្គារ វេលាម៉ោង ២៤ និង០០ នាទីតទៅ។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា លោក មូឌី ក៏បានជំរុញ ឲ្យ ប្រជាជននៅប្រទេសស្នាក់នៅក្នុងផ្ទះរបស់ខ្លួន ។

លោកម៉ូឌីបានព្រមាន នៅក្នុងសុន្ទរកថា តាមទូរទស្សន៍មួយទៅកាន់ប្រទេសថា មេរោគ កូវីដ១៩ រីករាលដាលយ៉ាងលឿន ប្រសិនបើយើងមិនចាត់វិធានការខ្លាំងនោះទេ នៅពេលឥឡូវនេះ ។ វាអាចបង្កការគំរាមកំហែង យ៉ាងធ្ងន់ធ្ងរនាពេលអនាគតដ៏ខ្លី ចំពោះប្រទេសរបស់យើង ។ ប្រសិនបើយើងមិនអនុវត្តតាមការបិទ ប្រទេសសម្រាប់រយៈពេល ២១ ថ្ងៃទៀតទេប្រទេសរបស់យើង អាចត្រូវបានធ្លាក់ចូល ចំពោះការរាតត្បាតជំងឺ ហើយនឹងដើរថយក្រោយទៅ២១ឆ្នាំមុន។

នេះជាសុន្ទរកថាទី ២ របស់នាយករដ្ឋមន្រ្តីម៉ូឌី ទៅកាន់ប្រជាជននៅក្នុងរយៈពេលតិចជាងមួយសប្តាហ៍ ។ មុននេះលោកបានថ្លែង ទៅកាន់ប្រទេសនៅថ្ងៃទី ១៩ ខែមីនា។

ម៉ូឌីបាននិយាយថា “ ការដាក់ឱ្យនៅដាច់ដោយឡែក គឺជាមធ្យោបាយតែមួយគត់ ដើម្បីបំបែកវដ្តរបស់វីរុសកូរ៉ូណា និងការពារប្រឆាំងនឹងវីរុសនេះ។ ការឃ្លាតឆ្ងាយពីការជួបជុំ គឺត្រូវតែធ្វើ” ។ លោកម៉ូឌីបាននិយាយថា ប្រជាជននៅក្នុងប្រទេសមួយចំនួន ដែលស្ថិតនៅក្នុង ការវាយលុក របស់មេរោគកូរ៉ូណា បានធ្វើតាមការណែនាំ របស់រដ្ឋាភិបាលរៀងៗខ្លួន ហើយបានស្នាក់នៅក្នុងផ្ទះ របស់ពួកគេ។ លោកនាយករដ្ឋមន្រ្តីបានបន្ថែមថា“ ហើយដូច្នេះប្រទេសទាំងនោះអាចពិនិត្យ ការរីករាលដាលនៃវីរុសនេះ” ។

ម៉ូឌីបាននិយាយថា នេះគឺជាម៉ោង នៃការអត់ធ្មត់ និងការប្តេជ្ញាចិត្តខ្ពស់។ ខ្ញុំសូមអំពាវនាវឱ្យសំពះគ្នាទៅវិញទៅមក ហើយនៅពេលស្នាក់នៅផ្ទះសូមបួងសួង ដល់អ្នកដែលកំពុងប្រឈមនឹងគ្រោះថ្នាក់ ដូចជាបុគ្គលិកពេទ្យជាដើម៕

ប្រែសម្រួលៈ ណៃ តុលា

To Top