បរទេស៖ ប្រទេសចំនួន៨ ដោយរួមទាំងប្រទេសចិន កូរ៉េខាងជើង និងរុស្ស៊ីផងនោះ តាមសេចក្តីរាយការណ៍ កំពុងតែធ្វើការទាមទារ ឲ្យបន្ធូរបន្ថយទណ្ឌកម្មនានា នៅក្នុងដំណើរឆ្លើយតប ចំពោះការផ្ទុះរីករាលដាល នៃកូរ៉ូណាវីរុស។
ទីភ្នាក់ងារសារព័ត៌មានរុស្ស៊ី TASS បានរាយការណ៍ក្នុងពេលថ្មីៗនេះថា ក្រុមមួយដែលរួមទាំងប្រទេសអ៊ីរ៉ង់ ស៊ីរី គុយបា នីការ៉ាហ្គ័រ និងវេណេស៊ុយអេឡា កំពុងតែដាក់ញត្តិឲ្យអគ្គលេខាធិការ អង្គការសហប្រជាជាតិ លោក Antonio Guterres សម្រាប់ការបន្ធូរបន្ថយទណ្ឌកម្ម ដែលអាចជះឥទ្ធិពលដល់កូរ៉េខាងជើងនិងប្រទេសផ្សេងៗទៀត។
គួរបញ្ជាក់ថា សេចក្តីរាយការណ៍ អំពីសំណើនេះ គឺត្រូវបានកើតមានឡើង បន្ទាប់ពីអគ្គលេខាធិការ អង្គការសហប្រជាជាតិ បានមានប្រសាសន៍ថា នៅក្នុងពេលបច្ចុប្បន្ននេះ ប្រទេសដែលទទួលរងទណ្ឌកម្ម ត្រូវតែទទួលបានការផ្គត់ផ្គង់ ផ្នែកវេជ្ជសាស្ត្រ និងចំណីអាហារ៕
ប្រែសម្រួល៖ប៉ាង កុង