Covid-19

ថៃរកឃើញអ្នកឆ្លងវីរុសកូវីដ១៩ ចំនួន ១៣៦នាក់ថែមទៀត សរុប ១.៥២៤នាក់ និងស្លាប់ ២នាក់ទៀត

បរទេស៖ នៅថ្ងៃច័ន្ទរដ្ឋាភិបាលបានរាយការណ៍ថា បានរកឃើញអ្នកឆ្លងវីរុសកូរ៉ូណាថ្មីចំនួន ១៣៦ នាក់ ក្នុងស្រុក ដែលបង្កើនចំនួនអ្នកឆ្លងជំងឺសរុបដល់ ១.៥២៤ នាក់ ជាមួយនឹងការស្លាប់ ២ នាក់បន្ថែមទៀតនិងបានស្នើសុំឱ្យប្រជាជនខិតខំ បន្ថែមទៀតក្នុងការស្នាក់នៅផ្ទះ។

យោងតាមសារព័ត៌មាន Bangkok Post ចេញផ្សាយនៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២០ បានឱ្យដឹងថា ពុំមានរបាយការណ៍អំពីការស្លាប់ថ្មីទេ ប៉ុន្តែក្រោយមកលេចចេញថាមានអ្នកជំងឺ ២ នាក់ទៀតបានស្លាប់។

វេជ្ជបណ្ឌិត Anupong Suchariyakul អ្នកឯកទេសនៃនាយកដ្ឋានប្រយុទ្ធនឹងជំងឺបាននិយាយថា អ្នកស្លាប់ថ្មីទាំងពីរនាក់នោះ គឺ បុរសម្នាក់ជាបុរសជនជាតិថៃអាយុ ៥៤ ឆ្នាំ ដែលបានមកលេងប្រទេសម៉ាឡេស៊ី ហើយក្រោយមកត្រូវ បានគេបញ្ជូនទៅមន្ទីរពេទ្យនៅខេត្តយ៉ាឡា។ ម្នាក់ទៀតជាស្ត្រីជនជាតិថៃអាយុ ៥៦ ឆ្នាំ ដែលមានជំងឺរលាកសួតហើយត្រូវបាន បញ្ជូនទៅមន្ទីរពេទ្យឯកជនមួយនៅទីក្រុងបាងកក។

ចំនួនអ្នកឆ្លងថ្មីមានកំរិតទាបជាងចំនួន ១៤៣ ករណី ធៀបនឹងការឆ្លងកាលពីថ្ងៃអាទិត្យ។ វេជ្ជបណ្ឌិត Anupong បាននិយាយថា ករណីឆ្លងថ្មីចំនួន ១៣៦ ករណី ដែលមាន ៥៩ ករណី បានទាក់ទងជាមួយអ្នកជំងឺមុនៗ។ ២១ករណី ដែលមានទាំងជនជាតិថៃ និងជនបរទេស ថ្មីៗនេះពួកគេបានមកដល់ពីប្រទេសផ្សេងៗ។ ១៥ ករណី បាននៅកន្លែងដែលមានមនុស្សច្រើនកុះករ ឬធ្វើការយ៉ាងជិតស្និទ្ធជាមួយជនបរទេស។ ១០ ករណី បានទៅលេងកន្លែងកំសាន្ត; ៤ករណីបានធ្វើការក្នុងការដឹកជញ្ជូនសាធារណៈ, ២ករណី បានទៅលេងនៅសង្វៀនប្រដាល់ ហើយ ២ករណីទៀតជាបុគ្គលិកពេទ្យ។ រហូតមកដល់ពេលនេះ បុគ្គលិកពេទ្យសរុបចំនួន ២១ នាក់បានឆ្លងជំងឺ ខណៈពេលដែលនាយប៉ូលិស ក្រុងបាងកកបាននិយាយថា មន្រ្តីប៉ូលីសក្រុងបាងកកចំនួន ២៧ នាក់បានឆ្លងវីរុសកូរ៉ូណានេះដែរ ។

សូមជម្រាបថា ក្នុងចំណោមករណីចំនួន ១.៥២៤ ករណី លោកវេជ្ជបណ្ឌិត Anupong បាននិយាយថា មានជនជាតិថៃចំនួន ១.២៩៧ នាក់និងជនជាតិបរទេស ២២៧ នាក់។ ក្រុមអ្នកជំងឺច្រើនជាងគេគឺ ៧១៥ នាក់គឺនៅទីក្រុងបាងកក ហើយជំងឺទាំងអស់អាយុគិតជាមធ្យមគឺ ៤០ ឆ្នាំ៕

ប្រែសម្រួលៈ ណៃ តុលា

To Top