ព័ត៌មានអន្តរជាតិ

រដ្ឋាភិបាលលីប៊ី ប្រកាសថា បានសម្លាប់ក្រុមយោធា មូលដ្ឋានខាងកើតអស់ ២០នាក់

ទ្រីប៉ូលី៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី០៣ ខែមេសា ឆ្នាំ២០២០ថា កងកម្លាំងយោធារបស់រដ្ឋាភិបាលលីប៊ី ដែលមានអង្គការសហប្រជាជាតិ នៅពីក្រោយខ្នងនោះ កាលពីថ្ងៃព្រហស្បតិ៍បាន ប្រកាសថា ខ្លួនបានសម្លាប់កងជីវពលចំនួន ២០នាក់ដែលជាក្រុមយោធា របស់មូលដ្ឋានខាងកើត នៅជិតក្រុង Misurata ចម្ងាយប្រមាណ ២០០គីឡូម៉ែត្រ ស្ថិតនៅភាគខាងកើតរដ្ឋធានីទ្រីប៉ូលី ។

កងកម្លាំងរដ្ឋាភិបាលបានឲ្យដឹងថា “កងកម្លាំងទ័ពអាកាសលីប៊ី បានដាក់គោលដៅទៅលើមូលដ្ឋាន ក្រុមភេវករកម្មនិយម Haftar (មេបញ្ជាការមូលដ្ឋានទ័ពខាងកើត) នៅក្នុងតំបន់ជាច្រើននៅ Al-Washaka និង Buerat el-Hussoun បានសម្លាប់ក្រុមជីវពលអស់២០នាក់ និងបានបំផ្លាញរថយន្តទ័ពជាច្រើនគ្រឿង ។

កងកម្លាំងរដ្ឋាភិបាលបានឲ្យដឹងថា រថយន្តធុនធំចំនួន ៣គ្រឿង និងគ្រាប់មីស៊ីលជាច្រើនគ្រាប់ នៅក្រុង Alasaba ចម្ងាយប្រមាណ ១២០គីឡូម៉ែត្រ ភាគខាងលិចនៃទីក្រុងទ្រីប៉ូលី ក៏ត្រូវបានបំផ្លាញផងដែរ ។

អំពើហិង្សានៅក្នុងប្រទេសលីប៊ី នៅតែបន្តកើតមានឡើង ទោះបីជាអន្តរជាតិ អំពាវនាវឲ្យមានបទឈប់បាញ់គ្នា ក្នុងនាមមនុស្សធម៌ ដើម្បីអនុញ្ញតឲ្យក្រុមអាជ្ញាធរ ធ្វើការប្រយុទ្ធប្រឆាំងនឹងជំងឺ COVID-19 ៕

ប្រែសម្រួលដោយ៖ ម៉ៅ បុប្ផាមករា

To Top