ព័ត៌មានអន្តរជាតិ

អង់គ្លេស គ្រោងដោះលែង អ្នកទោសជាង ៤.០០០នាក់ ក្រោយពីអ្នកទោស ៨៨នាក់ ឆ្លងវីរុសកូវីដ១៩ និងក្រោយពីបុគ្គលិកពន្ធនាគារ ២នាក់ស្លាប់ដោយ វីរុសនេះ

BBC៖ ក្រសួងយុត្តិធម៌អង់គ្លេសបានឱ្យដឹងថា អ្នកទោសរហូតដល់ទៅ ៤.០០០ នាក់ នៅចក្រភពអង់គ្លេស និងប្រទេសវែល នឹងត្រូវបានដោះលែង នៅក្នុងកិច្ចប្រឹងប្រែងមួយដើម្បី គ្រប់គ្រងការរីករាលដាលនៃមេរោគឆ្លងកូវីដ១៩។ យ៉ាងណាក៏ដោយ បើតាម សមាគមន៍មន្ត្រីពន្ធនាគារ (POA) បាននិយាយថា បុគ្គលិកពីរនាក់នៅពន្ធនាគារ Pentonville នៅភាគខាងជើងទីក្រុងឡុងដ៍ បានស្លាប់បន្ទាប់ពីបានបង្ហាញរោគសញ្ញានៃវីរុសនេះ។

POA បាននិយាយថា អ្នកទាំងពីរត្រូវបានគិតថា មានអាយុ ៦០ ឆ្នាំ ប៉ុន្តែគេមិនដឹងថាតើពួកគេមានបញ្ហាសុខភាពណាមួយទេ។

យោងតាមសារព័ត៌មាន BBC ចេញផ្សាយកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា អ្នកទោសដែលជាប់ពន្ធនាគារជាង ២ ខែឬតិចជាងនេះ នឹងត្រូវបានដោះលែងដោយមានអាជ្ញាប័ណ្ណបណ្តោះអាសន្នជាដំណាក់កាល។

ជនល្មើសដែលមានហានិភ័យទាប ដែលត្រូវបានជ្រើសរើស គឺនឹងត្រូវភ្ជាប់ស្លាកតាមអេឡិចត្រូនិច ហើយអាចហៅមកវិញ នៅសញ្ញាដំបូងនៃការព្រួយបារម្ភ។ គម្រោងនៃការដោះលែងនេះ ត្រូវបានគេមើលឃើញថាជាវិធីមួយដើម្បីចៀសវាងអ្នកទោសរាប់ពាន់នាក់ដែលភាគច្រើនចែកកោសិកាគ្នាឆ្លង។

នៅទូទាំងពន្ធនាគារចំនួន ២៩កន្លែង គឺអ្នកទោសចំនួន ៨៨ នាក់បានធ្វើតេស្តិ៍វិជ្ជមានចំពោះវីរុសនេះ ដោយមានមនុស្សចំនួន ១.២០០ នាក់ផ្សេងទៀតត្រូវបានគេជឿជាក់ថា នឹងត្រូវដាក់ឱ្យនៅដាច់ដោយឡែក។

ពិរុទ្ធជនរំលោភផ្លូវភេទ និងអ្នកដែលត្រូវបានផ្តន្ទាទោសពីបទប្រើអំពើហឹង្សាឬផ្លូវភេទ ក៏ដូចជាអ្នកទាំងឡាយណាដែលជាកង្វល់សន្តិសុខជាតិ ឬគ្រោះថ្នាក់ដល់កុមារ នឹងមិនត្រូវបានគេពិចារណាដោះលែងនោះទេ៕

ប្រែសម្រួលៈ ណៃ តុលា

To Top