Covid-19

ប្រធានាធិបតីចិន ប្រាប់ប្រធានាធិបតីវ៉េណេស៊ុយអេឡា តាមទូរស័ព្ទថា ចិនត្រៀមខ្លួនជានិច្ច ដើម្បីបន្ថែមជំនួយដល់ប្រទេសនេះ ក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩

ប៉េកាំង៖ ប្រធានាធិបតីចិនលោកស៊ីជីនពីង បាននិយាយកាលពីថ្ងៃសុក្រថា ប្រទេសចិនបានត្រៀមខ្លួន រួចជាស្រេចដើម្បីជំរុញកិច្ចសហប្រតិបត្តិការជាមួយប្រទេស វ៉េណេស៊ុយអេឡា ក្នុងការការពារនិងត្រួតពិនិត្យលើជំងឺកូវីដ ១៩ ហើយបន្តជួយប្រទេសនៅអាមេរិកឡាទីនមួយនេះ ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺ ហើយថា ចិនបានត្រៀមខ្លួនរួចជាស្រេច ក្នុងការផ្តល់ជំនួយបន្ថែម។

យោងតាមទីភ្នាក់ងារព័ត៌មានចិន ស៊ិនហួ ចេញផ្សាយនៅថ្ងៃទី១១ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោកស៊ីបានធ្វើការកត់សម្គាល់បែបនេះ នៅក្នុងកិច្ចសន្ទនាតាមទូរស័ព្ទ ជាមួយសមភាគីវេណេស៊ុយអេឡាលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ។

ក្នុងនាមរដ្ឋាភិបាលនិងប្រជាជនចិន លោកស៊ីបានសំដែងការអាណិតអាសូរនិងការគាំទ្រ យ៉ាងម៉ឺងម៉ាត់ដល់រដ្ឋាភិបាល និងប្រជាជន វេណេស៊ុយអេឡា។

លោកស៊ីបាននិយាយថា ចាប់តាំងពីការចាប់ផ្តើម នៃការផ្ទុះឡើងនៃវីរុសរលាកផ្លូវដង្ហើមនេះហើយ ប្រទេសចិនតែងតែចែករំលែកព័ត៌មានស្តីពីការរាតត្បាតជាមួយ អង្គការសុខភាពពិភពលោក និងសហគមន៍អន្តរជាតិ ក្នុងលក្ខណៈទាន់ពេលវេលា និងប្រកបដោយឥរិយាបទបើកចំហតម្លាភាព និងទទួលខុសត្រូវ ហើយបានអនុវត្តកិច្ចសហប្រតិបត្តិការអន្តរជាតិ យ៉ាងទូលំទូលាយ។ 

ផ្ទាំងពាណិជ្ជកម្ម

លោកស៊ីបាននិយាយបន្ថែមទៀតថា ការបង្ហាញនូវចក្ខុវិស័យនៃការកសាងសហគមន៍មួយ ដែលមានអនាគតរួមគ្នា សម្រាប់មនុស្សជាតិ ប្រទេសចិនក៏បានផ្តល់ការគាំទ្រ និងជំនួយជាច្រើនផងដែរតាមដែលសមត្ថភាពរបស់ខ្លួនអនុញ្ញាតឱ្យ ប្រទេសដទៃទៀតត្រូវការ។

ប្រធានាធិបតីចិនបាននិយាយថា លោកបានតាមដានយ៉ាងជិតស្និទ្ធនូវការវិវត្តនៃជំងឺកូវីដ ១៩ នៅក្នុងប្រទេសវ៉េណេស៊ុយអេឡា ហើយបានកត់សម្គាល់ថា រដ្ឋាភិបាលវេណេស៊ុយអេឡា បានដាក់ចេញនូវវិធានការយ៉ាងរហ័ស និងម៉ឺងម៉ាត់ដែលបង្ហាញ យ៉ាងពេញលេញនូវការទទួលខុសត្រូវខ្ពស់ ចំពោះសុវត្ថិភាព និងសុខភាពរបស់ប្រជាជនវេណេស៊ុយអេឡា។ 

ប្រទេសចិនយល់ពីស្ថានភាព បច្ចុប្បន្នរបស់ប្រទេសវេណេហ្ស៊ុយអេឡា ហើយបានបញ្ជូនជំនួយ ជាច្រើនដល់ប្រទេសអាមេរិកឡាទីនមួយនេះ ក៏ដូចជាក្រុមអ្នកជំនាញ វេជ្ជសាស្ត្រជាន់ខ្ពស់មួយក្រុម ដោយបន្ថែមថា ប្រទេសរបស់លោកបានត្រៀមខ្លួនរួចជាស្រេចក្នុងការ ផ្តល់ជំនួយបន្ថែម៕

ប្រែសម្រួលៈ ណៃ តុលា

To Top