Covid-19

រដ្ឋាភិបាលថៃ មានគម្រោងផ្តល់ប្រាក់ឧបត្ថម្ភ ៥.០០០បាត សម្រាប់ពលរដ្ឋរងគ្រោះម្នាក់ អំឡុងពេលការរីករាលដាល ជំងឺកូវីដ១៩

បរទេស៖ លោកនាយករដ្ឋមន្រ្តីថៃ ប្រាយុទ្ធ ចាន់អូចា បានសង្កត់ធ្ងន់ថារដ្ឋាភិបាលមិនទាន់ បានបញ្ចប់ដំណាក់កាល សម្រាប់គម្រោងផ្តល់ប្រាក់ ៥.០០០ បាត ដល់អ្នកដែលរងផលប៉ះពាល់ដោយជំងឺ Covid-19 នោះទេ ព្រោះមូលនិធិដែលមានស្រាប់ មានរយៈពេលតែមួយខែប៉ុណ្ណោះ។

យោងតាមសារព័ត៌មានថៃ Bangkok Post ចេញផ្សាយនៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា លោក ប្រាយុទ្ធ បន្តថា រដ្ឋាភិបាលចាំបាច់ត្រូវរង់ចាំការ អនុវត្តច្បាប់ដើម្បីខ្ចីប្រាក់ចំនួន ១ទ្រីលានបាត ដូច្នេះខ្លួននឹងមានថវិកាបន្ថែមទៀត ដើម្បីបម្រុងទុកសម្រាប់អ្នកដែលរងគ្រោះ។

មុននេះរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងត្រៀមថវិកាចំនួន ៥,០០០ បាតក្នុងមួយខែសម្រាប់រយៈពេល ៣ ខែចាប់ពីខែមេសាដល់ខែមិថុនា ដល់ប្រជាជន ៨-៩ លាននាក់ ដល់និយោជិកបណ្តោះអាសន្ន និងកម្មករដែលធ្វើការដោយខ្លួនឯង ដែលរងគ្រោះដោយសារការបិទទ្វារសេដ្ឋកិច្ចជាក់ស្តែង ក្នុងការទប់ស្កាត់ការរីករាលដាលរបស់វីរុសនេះ។

លោកឧត្តមសេនីយ៍ ប្រាយុទ្ធ បាននិយាយនៅក្នុងសុន្ទរកថា ផ្ទាល់តាមរយៈទំព័រហ្វេសប៊ុក របស់រដ្ឋាភិបាលកាលពីថ្ងៃពុធថា “ មានគេនិយាយបំផ្លើស [រយៈពេលចែកលុយ] ខ្ញុំបាននិយាយក្នុងនាមរដ្ឋាភិបាលថា វា (គម្រោងនេះ) មិនទាន់ត្រូវបានបញ្ចប់នៅឡើយទេ” ។

ការលើកឡើងរបស់លោក បានធ្វើឡើងមួយថ្ងៃបន្ទាប់ពីមនុស្ស ១០០ នាក់ ដែលស្ថិតនៅក្រៅឈ្មោះអ្នក ដែលនឹងប្រាក់ចំនួន ៥,០០០ បាត បាននាំគ្នាប្រមូលផ្តុំនៅក្រសួងហិរញ្ញវត្ថុ ដើម្បីតវ៉ាប្រឆាំងនឹងចំណាត់ការរបស់ក្រសួង ក្នុងការដកសិទ្ធិពួកគេ។

សូមជម្រាបថា យ៉ាងហោចណាស់មានមនុស្សចំនួន ២៧ លាននាក់បានចុះឈ្មោះសម្រាប់ការប្រគល់ប្រាក់ ប៉ុន្តែរដ្ឋាភិបាលបាននិយាយថា ខ្លួននឹងជ្រើសរើសយកតែ ៨-៩ លាននាក់ប៉ុណ្ណោះដើម្បីទទួលបានប្រាក់នេះ។

គិតត្រឹមថ្ងៃពុធប្រជាជន ដែលបានចុះឈ្មោះប្រហែល ១២លាននាក់ត្រូវបានគេដកសិទ្ធិទទួលប្រាក់នេះ៕

ប្រែសម្រួលៈ ណៃ តុលា

បំរាម៖ ហាមយកព័ត៌មានរបស់សារព័ត៌មាន ដើមអម្ពិល ចុះផ្សាយដោយគ្មានការជូនដំណឹងមកជាមុន។ រាល់បញ្ហាអត្ថបទដែលយកចុះផ្សាយបន្ត ស្ថាប័នយើងខ្ញុំមិនទទួលខុសត្រូវឡើយ។ លោកអ្នកអាចទំនាក់ំទំនងមកក្រុមការងារតាមរយៈ​ទូរស័ព្ទលេខ៖ 012 722337 ឬ dapnews@gmail.com

All rights reserved by: DAP News

To Top