ព័ត៌មានអន្តរជាតិ

អ៊ីរ៉ង់៖ វត្តមានមិនស្របច្បាប់ របស់អាមេរិកនៅតំបន់ឈូងសមុទ្រ បង្កភាពអសន្តិសុខ

បរទេស៖ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ នៅថ្ងៃសុក្រនេះ បានច្រាលចោលរបាយការណ៍អាមេរិក អំពីការយាយីបង្ក ដោយនាវាអ៊ីរ៉ង់ ថាគ្មានមូលដ្ឋានច្បាស់លាស់ និងបាននិយាយថា វត្តមានមិនស្របច្បាប់ និងគឃ្លើនរបស់អាមេរិក នៅតំបន់ឈូងសមុទ្រ កំពុងតែបង្ក ឲ្យមានភាពអសន្តិសុខនៅក្នុងតំបន់។

នៅក្នុងទីក្រុងតេអេរ៉ង់ រដ្ឋមន្ត្រីការពារជាតិអ៊ីរ៉ង់ លោក Amir Hatami បាននិយាយប្រាប់ អ្នកសារព័ត៌មានដូច្នេះថា “អ្វីដែលនាំទៅរកភាពអសន្តិសុខ ក្នុងតំបន់ឈូងសមុទ្រពែរ្ស គឺជាវត្តមានមិនស្របច្បាប់ និងគឃ្លើនរបស់អាមេរិក ដែលមកពីផ្នែកម្ខាងផ្សេងទៀត របស់ពិភពលោក មកកាន់ព្រំដែនរបស់យើង និងធ្វើការអះអាង គ្មានមូលដ្ឋានបែបនេះ”។

គួរបញ្ជាក់ថា យោធាសហរដ្ឋអាមេរិក បាននិយាយកាលពីថ្ងៃពុធសប្ដាហ៍នេះថា នាវា១១គ្រឿងមកពីទ័ពជើងទឹក នៃកងកម្លាំងការពារបដិវត្តន៍ឥស្លាមអ៊ីរ៉ង់ បានបើកចូលមកកៀក នាវាទ័ពជើងទឹក និងកងកម្លាំងការពារតំបន់ឆ្នេរអាមេរិក នៅឈូងសមុទ្រពែរ្ស និងបានហៅសកម្មភាពនោះថា ជាប្រកបដោយគ្រោះថ្នាក់ និងជាការបង្កហេតុ៕ ប្រែសម្រួល៖ប៉ាង កុង

To Top