បរទេស៖ អង្គការសុខភាពពិភពលោក បានប្រកាសពីការរីករាលដាលរបស់ជំងឺកូវីដ១៩ កាលពីថ្ងៃទី ១១ ខែមីនា។ យោងតាមសាកលវិទ្យាល័យ Johns Hopkins បានអោយដឹងថា មកដល់ពេលនេះមានមនុស្សជាង ២,២ លាននាក់បានឆ្លងវីរុសនេះ ហើយនៅទូទាំងពិភពលោក ដែលបណ្តាលអោយមានមនុស្សស្លាប់ជាង ១៥៤.០០០ នាក់។ រោគរាតត្បាតបានរាលដាលដល់សហរដ្ឋអាមេរិក អាក្រក់ជាងប្រទេសដទៃទៀត។
យោងតាមសារព័ត៌មាន Sputnik ចេញផ្សាយនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ បានឱ្យដឹងថា យោងតាមសាកលវិទ្យាល័យ Johns Hopkins គឺចំនួនអ្នកស្លាប់ដោយសារ ការឆ្លងវីរុសនេះ នៅប្រទេសអេស្ប៉ាញបានកើនឡើងដល់ ២០.០០០ នាក់។
សាកលវិទ្យាល័យ Johns Hopkins បានឱ្យដឹងទៀតថា នៅសហរដ្ឋអាមេរិកវិញ បានចុះបញ្ជីករណីឆ្លងមេរោគនេះ ចំនួន ៣១.៩០៥នាក់ និងស្លាប់ចំនួន ៣.៨៥៧នាក់ ត្រឹមតែក្នុងរយៈពេល ២៤ ម៉ោងកន្លងមកនេះ ។ ចំនួនអ្នកស្លាប់សរុបនៅអាមេរិកមានចំនួន ៣៧.០៥៥ នាក់ ខណៈចំនួនករណីដែលបានបញ្ជាក់សរុបមានដល់ ៧០១.៦១០ នាក់៕
ប្រែសម្រួលៈ ណៃ តុលា