Covid-19

បើកច្រកដឹកញ្ជូនទំនិញចិន អ៊ឺរ៉ុបឡើងវិញកំពុងធ្វើឲ្យ កិច្ចការងារប្រយុទ្ធកូវីដ១៩ កាន់តែមានប្រសិទ្ធភាពឡើង

បរទេស៖ ទីបំផុតក្រោយព្រឹត្តិការណ៍ នៃការរាត្បាតវិរុសកូវីដ១៩នៅក្នុងប្រទេសចិន បានស្ងប់ស្ងាត់ទៅវិញហើយនោះការដឹកជញ្ជូនគ្រឿងផ្គត់ផ្គង់ពេទ្យ ក្នុងចំណោមសេវាដឹកជញ្ជូនតាមផ្លូវដែករវាងប្រទេសចិន ទៅកាន់តំបន់អឺរ៉ុបបាន ចាប់ផ្តើមឡើងវិញហើយ។ ការដំណើរការឡើងវិញនេះ ត្រូវបានគេមើលឃើញថាកំពុងបានជួយជំរុញការ ប្រយុទ្ធរបស់អឺរ៉ុបទៅនឹង ការរីករាលដាលនៃមេរោគកូវីដ១៩។

ទីភ្នាក់ងារចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី១៩ ខែមេសានេះបានសរសេរថា ដោយសារតែការកើនឡើង នៃសកម្មភាពដឹកជញ្ជូននិងបរិមាណកាន់តែច្រើនរួម ទាំងសេវាកម្មដែលអាចជឿទុកចិត្តបានកំពុងជួយទ្រទ្រង់ ដល់ពាណិជ្ជកម្មអន្តរជាតិ និងបណ្តាញផ្គត់ផ្គង់ពិភពលោកក្នុងពេលដ៏លំបាកនេះ។

ក្នុងនោះផងដែរប្រទេសចិន បាននឹងកំពុងខិតខំប្រឹងប្រែង ដើម្បីជួយ ស្តារនិងបង្កើនសមត្ថភាពផលិតកម្ម ផ្គត់ផ្គង់វេជ្ជសាស្រ្តរបស់ខ្លួននិងការប្រយុទ្ធប្រឆាំងនឹង ការរីករាលដាលផងដែរ។ ដោយឡែកសេវាកម្មធ្វើដំណើរតាមរថភ្លើង ដឹកទំនិញនៃប្រទេសចិន និងអឺរ៉ុបក៏នឹងក្លាយទៅជា សមាសធាតុសំខាន់មួយ នៃគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ Belt and Road Initiavite ឬ BRI នោះផងដែរ។

ប្រភពដដែល បានសរសេរទៀតថា នៅសប្តាហ៍នេះនៅទីក្រុង Duisburg ដែលស្ថិតនៅភាគខាងលិច នៃប្រទេសអាល្លឺម៉ង់បានទទួលស្វាគមន៍ការមកដល់ ខ្សែរថភ្លើងមួយដែលចាកចេញ ពីទីក្រុងវូហានហើយក្នុងពេលនោះដែរ ក្រុមអ្នកការទូតចិន និងមន្ត្រីក្នុងតំបន់បាននាំគ្នាថតរូបជាក្រុម យ៉ាងសប្បាយរីករាយទាំងអស់គ្នាផង។

ខ្សែរថភ្លើងនេះត្រូវបានគេដឹងថា មានផ្ទុកទៅដោយគ្រឿងផ្គត់ផ្គង់វេជ្ជសាស្ត្រគ្រឿងបន្លាស់ រថយន្តផលិតផលអេឡិចត្រូនិច និងសរសៃអុបទិកជាដើម ហើយវាបានក្លាយទៅជា ឧទាហរណ៍មួយដែលបង្ហាញពីរបៀប ដែលប្រទេសចិន និងអឺរ៉ុបអាចឈររួមគ្នានៅចំពោះមុខការរីករាលដាល នៃជំងឺរាតត្បាតកូវីដ១៩យ៉ាងមានប្រសិទ្ធភាព៕

ប្រែសម្រួល៖ ស៊ុន លី

To Top