កូឡុំបូ ៖ គណៈកម្មាធិការរៀបចំការបោះឆ្នោត របស់ប្រទេសស្រីលង្កា បានប្រកាសនៅល្ងាចថ្ងៃចន្ទថា ខ្លួននឹងធ្វើការបោះឆ្នោតជ្រើសរើស តំណាងរាស្រ្ត របស់ប្រទេសនេះនៅថ្ងៃទី២០ ខែមិថុនា ដោយពន្យារពេលជិតមួយខែ ដោយសារជំងឺកូវីដ-១៩ ។
ការស្ទង់មតិដំបូង ត្រូវបានគេគ្រោងនឹងធ្វើឡើង នៅថ្ងៃទី២៥ ខែមេសា ប៉ុន្តែត្រូវបានពន្យារពេលដោយគណៈកម្មការ រៀបចំការបោះឆ្នោតកាលពីខែមុន បន្ទាប់ពីមានការផ្ទុះឡើងនៃវីរុស COVID-១៩ ។
នាយកដ្ឋានព័ត៌មានរដ្ឋាភិបាល បានឲ្យដឹងនៅក្នុងសេចក្តី ថ្លែងការណ៍មួយថា បន្ទាប់ពីការសម្រេចចិត្ត របស់គណៈកម្មការរៀបចំការបោះឆ្នោត សេចក្តីជូនដំណឹងពិសេសមួយ នឹងត្រូវបានប្រកាសនៅថ្ងៃទី២០ ខែមិថុនា ជាកាលបរិច្ឆេទថ្មី សម្រាប់ការបោះឆ្នោត ។
ប្រធានគណៈកម្មការ រៀបចំការបោះឆ្នោតលោក Mahinda Deshapriya បានឲ្យដឹងនៅមុននេះថា មិនអាចទៅរួចទេ ក្នុងការធ្វើការបោះឆ្នោត នៅកាលបរិច្ឆេទ ដែលបានប្រកាសថ្ងៃទី២៥ ខែមេសា ដោយសារបុគ្គលិកសាធារណៈ មិនបានរាយការណ៍ពីការទៅធ្វើការឡើយ ហើយបរិយាកាសមិនសមស្រប សម្រាប់ការបោះឆ្នោត ដែលត្រូវធ្វើឡើងនោះទេ ៕
ដោយ ឈូក បូរ៉ា