ព័ត៌មានអន្តរជាតិ

ចិន បរិច្ចាគម៉ាស់ចំនួន ២០.០០០ ប្រអប់ដល់ ប្រទេសក្រិច

អាតែន៖ ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ បានចុះផ្សាយនៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២០ថា កាលពីថ្ងៃពុធ ប្រទេសក្រិច បានស្វាគមន៍ចំពោះការ បរិច្ចាគរបស់ប្រទេសចិន ដែលបានជួយទប់ស្កាត់ការឆ្លងរាលដាល នៃជំងឺបង្កឡើងដោយវីរុសកូរ៉ូណា ដែលជាប្រទេសមានជនភៀសខ្លួន និងជនអន្តោប្រវេសន៍កំពុងស្នាក់ អាស្រ័យរាប់ពាន់នាក់ ។

លោក Zhang Qiyue អគ្គរដ្ឋទូតចិនប្រចាំនៅប្រទេសក្រិច បានពាំនាំជំនួយដែលជាម៉ាស់ សម្រាប់វះកាត់ ចំនួន២០.០០០ប្រអប់ ផ្តល់ដល់លោក Giorgos Koumoutsakos រដ្ឋមន្ត្រីគ្រប់គ្រងជនអន្តោប្រវេសន៍ និងអ្នកសុំសិទ្ធិជ្រកកោន ដើម្បីចែកចាយដល់មជ្ឈមណ្ឌលសម្រាប់ជនស្វែងរកការជ្រកកោន នៅដែនកោះ Aegean Sea ដែលជាកន្លែងត្រូវការចាំបាច់ប្រើប្រាស់ ។

ទិន្នន័យដែលបានផ្តល់ដោយ រដ្ឋាភិបាលក្រិចនាពេលចុងក្រោយនេះបានឲ្យដឹងថា បច្ចុប្បន្ននេះមានមនុស្សជាង៣៨.៥០០នាក់ ដែលរស់នៅក្នុងជំរុំ នៅលើកោះចំនួន៥ ។

សរុបទៅមានអ្នកឆ្លងជំងឺកូវីដ១៩នៅក្នុងប្រទេសក្រិច នាពេលបច្ចុប្បន្ននេះចំនួន២.៤០៨នាក់ ជាមួយគ្នានេះដែរមានអ្នកស្លាប់ចំនួន១២១នាក់ ។ ប្រទេសនេះ មានករណីផ្ទុះជំងឺជាលើកដំបូង កាលពីថ្ងៃទី២៦ ខែកុម្ភៈ ៕

To Top