ប៉េកាំង៖ ទំហំពាណិជ្ជកម្មចិន និងកូរ៉េខាងជើង បានធ្លាក់ចុះ ៩១,៣ ភាគរយពីមួយឆ្នាំមុនក្នុងខែមីនា ដល់ ១៨,៦៤ លានដុល្លារអាមេរិក ដែលទិន្នន័យនេះបានបង្ហាញកាលពីថ្ងៃព្រហស្បតិ៍ ដែលបង្ហាញពីរបៀបដែលសេដ្ឋកិច្ចរបស់កូរ៉េខាងជើង រងការវាយប្រហារយ៉ាងខ្លាំងពីការឆ្លងរាលដាលនៃជំងឺឆ្លងកូវីដ-១៩។
ការនាំចូលរបស់ចិន ពីកូរ៉េខាងជើងបានធ្លាក់ចុះ ៩៦,៣ ភាគរយពីឆ្នាំមុនដល់ ៦១០ ០០០ ដុល្លារកាលពីខែមុន ខណៈការនាំចេញទៅប្រទេសជិតខាងក៏បានធ្លាក់ចុះ ៩០,៩ ភាគរយ ដល់ ១៨,០៣ លានដុល្លារផងដែរ។
ប្រទេសកូរ៉េខាងជើង បានកាត់ផ្តាច់ចរាចរណ៍ទៅ និងមកពីប្រទេសចិន និងរុស្ស៊ី ចាប់តាំងពីដើមឆ្នាំនេះ បន្ទាប់ពីមានការរីករាលដាលនៃវីរុសបង្កជំងឺរលាកសួតថ្មី ដោយទីក្រុងព្យុងយ៉ាង បានអះអាងថាវីរុសនេះមិនបានធ្វើឱ្យប៉ះពាល់ដល់ប្រទេសនេះទេ៕ដោយ ឈូក បូរ៉ា