ព័ត៌មានអន្តរជាតិ

នាយករដ្ឋមន្រ្តីថៃ និង នាយករដ្ឋមន្រ្តីឥណ្ឌា ពិភាក្សាគ្នា តាមទូរស័ព្ទ ដើម្បីពង្រឹង ទំនាក់ទំនង ប្រយុទ្ធប្រឆាំង នឹងវីរុសឆ្លង

បរទេស៖ អ្នកនាំពាក្យលោកស្រី Narumon Pinyosinwat បាននិយាយកាលពីម្សិលមិញថា ប្រទេសថៃនិងឥណ្ឌាបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្ត ក្នុងការពង្រឹងទំនាក់ទំនងដើម្បីប្រយុទ្ធ ប្រឆាំងនឹងវីរុសឆ្លង និងផលប៉ះពាល់សេដ្ឋកិច្ច។

យោងតាមសារព័ត៌មានថៃ បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា ថ្លែងនៅវិមានរដ្ឋាភិបាលកាលពីម្សិលមិញលោកស្រី Narumon Pinyosinwat និយាយថា លោកប្រាយុទ្ធ ចាន់អូចា នាយករដ្ឋមន្រ្តីថៃ បានពិភាក្សាគ្នាតាមទូរស័ព្ទជាមួយសមភាគីឥណ្ឌាលោកនាយករដ្ឋមន្រ្តី ណារ៉េនដ្រា ម៉ូឌី អំពីកិច្ចសហប្រតិបត្តិការទ្វេភាគី ដើម្បីទប់ទល់នឹងរោគរាតត្បាត។

ឧត្តមសេនីយ៍ប្រាយុទ្ធ បានប្រាប់លោកមូឌីថា ប្រទេសថៃបានចាត់វិធានការយ៉ាងតឹងរឹង ហើយវិស័យនានាបានធ្វើការរួមគ្នា ដើម្បីគ្រប់គ្រងការផ្ទុះឡើងនៃជំងឺនេះ។

លោកស្រី Narumon បាននិយាយថា ទោះបីរដ្ឋាភិបាលកំពុងរក្សាវិធានការទាំងនេះជាច្រើនក៏ដោយ ក៏វានឹងបន្តថែរក្សាជនបរទេសនៅក្នុងប្រទេសថៃផងដែរ៕

ប្រែសម្រួលៈ ណៃ តុលា

To Top