ម៉ានីល៖ មន្ត្រីតុលាការកំពូលរបស់ហ្វីលីពីន បាននិយាយនៅថ្ងៃសៅរ៍ថា អ្នកទោសជិត ១ ម៉ឺននាក់ត្រូវបានដោះលែងនៅក្នុងប្រទេសហ្វីលីពីន ខណៈដែលប្រទេសនេះរារាំង ការឆ្លងមេរោគកូវីដ១៩ នៅក្នុងពន្ធនាគារដែលចង្អៀតណែនរបស់ខ្លួន។
យោងតាមសារព័ត៌មាន បាងកក ប៉ុស្តិ៍ ចេញផ្សាយនៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹង ដោយផ្អែកតាមការលើកឡើងរបស់លោក Mario Victor Leonen មន្រ្តីជាន់ខ្ពស់តុលាការកំពូលបានប្រាប់ក្រុមអ្នកយកព័ត៌មាន ថាវិធានការនេះធ្វើតាមការណែនាំដល់តុលាការជាន់ទាបដើម្បីដោះលែង អ្នកដែលរង់ចាំការកាត់ទោស នៅក្នុងពន្ធនាគារពីព្រោះពួកគេមិនអាច មានប្រាក់ធានានៅក្រៅឃុំ។
លោក Leonen បានប្រាប់ក្រុមអ្នកយកព័ត៌មានថា “ តុលាការដឹងយ៉ាងច្បាស់អំពីស្ថានភាព ដែលកំពុងកកស្ទះនៅក្នុងពន្ធនាគាររបស់យើង” ។ លោកបានប្រាប់អ្នកយកព័ត៌មាន នៅពេលលោកប្រកាសពីការដោះលែងអ្នកទោស ៩.៧៣១ នាក់។
សូមជម្រាបថា ការផ្ទុះឡើងនៃជំងឺកូវីដ១៩ ត្រូវបានគេរាយការណ៍ថានៅឯពន្ធនាគារមួយចំនួន ដែលចង្អៀតណែនក្នុងប្រទេសហ្វីលីពីនដែលធ្វើឱ្យប៉ះពាល់ ទាំងអ្នកទោសនិងបុគ្គលិកកែតម្រូវ។ គម្លាតសង្គម មិនអាចធ្វើទៅបានទេ នៅក្នុងប្រព័ន្ធពន្ធនាគាររបស់ប្រទេសនេះ ៕
ប្រែសម្រួលៈ ណៃ តុលា