ព័ត៌មានអន្តរជាតិ

បក្សកាន់អំណាចរបស់ កូរ៉េខាងត្បូង អំពានាវឱ្យអ្នក នយោបាយរត់ចោល ជួររបស់កូរ៉េខាងជើង សុំទោសចំពោះការលើកឡើងលើបញ្ហាសុខភាពលោកប្រធាន គីម ជុងអ៊ុន

សេអ៊ូល៖ គណបក្សប្រជាធិបតេយ្យ ដែលកំពុងកាន់អំណាចរបស់ប្រទេសកូរ៉េខាងត្បូង នៅថ្ងៃអាទិត្យនេះ បានអំពាវនាវឲ្យអ្នកនយោបាយ រត់ចោលជួរពីកូរ៉េខាងជើង សុំទោសចំពោះការលើកឡើងរបស់ពួកគេ អំពីសុខភាពមិនល្អរបស់លោក ប្រធានាធិបតី គីម ជុងអ៊ុន មួយថ្ងៃបន្ទាប់ពីមេដឹកនាំកូរ៉េខាងជើង បានបង្ហាញខ្លួនជាសាធារណៈបន្ទាប់ ពីអវត្តមានរយៈពេល ២០ ថ្ងៃ។

យោងតាមសារព័ត៌មាន យ៉ុនហាប់ ចេញផ្សាយនៅថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២០ បានឱ្យដឹងថា លោកគីម ជុងអ៊ុន មិនបានបង្ហាញខ្លួនជាសាធារណៈនោះទេ ចាប់តាំងពីបានធ្វើជាអធិបតីក្នុងកិច្ចប្រជុំនយោបាយការទូត របស់គណបក្សពលករដែលកំពុង កាន់អំណាចនៅថ្ងៃទី ១១ ខែមេសា ដែលធ្វើឱ្យមានការសង្ស័យថា គាត់ប្រហែលជាឈឺធ្ងន់។ ប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងជើង ក៏មិនបានផ្តល់នូវរូបថតរបស់គាត់ដែរ ដោយធ្វើឱ្យមានពាក្យចចាមអារ៉ាម បានលេចឡើងជាបន្តបន្ទាប់។

នៅទីក្រុងសេអ៊ូល របស់កូរ៉េខាងត្បូង អ្នករត់ចោលជួរកូរ៉េខាងជើងពីរនាក់ដែលបានឈ្នះ ក្នុងការបោះឆ្នោតទទួលបានអាសនៈ ក្នុងការបោះឆ្នោតសភាថ្មីៗនេះ នៅកូរ៉េខាងត្បូង បានលើកឡើងថា លោក គីម មានសុខភាពខ្សោយ។ អ្នកទាំងពីរមានទំនាក់ទំនងជាមួយគណបក្សអភិរក្ស ដែលជាបក្សប្រឆាំងធំរបស់កូរ៉េខាងត្បូង។

អ្នករត់ចោលជួរដែលជាប់ឈ្មោះ ជាអ្នកនយោបាយនៅកូរ៉េខាងត្បូង ឈ្មោះ Thae Yong-ho បាននិយាយថា “រឿងមួយដែលប្រាកដគឺថាលោកគីមមិនអាចក្រោកឈរដោយខ្លួនឯង ឬដើរបានឡើយ” ខណៈពេលដែលសមាជិកសភាម្នាក់ទៀតគឺលោក Ji Seong-ho បានអះអាងថា លោក គីម ប្រាកដណាស់ គឺ ៩៩ ភាគរយស្លាប់ ហើយ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាងអាចនឹងធ្វើសេចក្តីប្រកាសទាក់ទងនឹងព័ត៌មាននេះ នៅចុងសប្តាហ៍។

ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយ រដ្ឋកូរ៉េខាងជើង នៅថ្ងៃសៅរ៍នេះបានរាយការណ៍ថា លោកគីម ជុងអ៊ុន បានចូលរួមពិធីកាត់ខ្សែបូរនៅឯរោងចក្រជីមួយ ដោយដាក់រូបថតមេដឹកនាំកូរ៉េខាងជើងនិយាយជាមួយមន្ត្រីដោយស្នាមញញឹម។ រូបថតរបស់លោកគីម មិនបានបង្ហាញពីរោគសញ្ញាណាមួយ ដែលមានលោកមានជំងឺនោះទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ ជាលាយលក្ខណ៍អក្សរមួយ លោក Jung Choun-sook អ្នកនាំពាក្យរបស់គណបក្សកាន់អំណាចបានអំពាវនាវ ឲ្យ អ្នកទាំងពីរសុំទោសនិងប្រែចិត្ត ចំពោះការលើកឡើងដោយគ្មានមូលដ្ឋាន៕

ប្រែសម្រួលៈ ណៃ តុលា

To Top