ព័ត៌មានអន្តរជាតិ

ប៉ាគីស្ថាន អំពាវនាវឲ្យកាត់បន្ថយហិង្សា នៅអាហ្វហ្គានីស្ថាន ដេីម្បីបន្ដដំណេីរការសន្ដិភាព

អ៊ីស្លាម៉ាបាដ៖ ប្រទេសប៉ាគីស្ថាន កាលពីថ្ងៃអាទិត្យ បានគូសបញ្ជាក់ អំពីតម្រូវការ សម្រាប់ការកាត់បន្ថយអំពើហឹង្សា នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ដែលជាគន្លឹះដើម្បីធ្វើឱ្យ ដំណើរការសន្តិភាពឆ្ពោះទៅមុខ។

ការអំពាវនាវរបស់ប៉ាគីស្ថាន បានកើតឡើងចំពេលមាន ការកើនឡើងនៃការវាយប្រហារ របស់ពួកតាលីបង់ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន ទោះបីមានកិច្ចព្រមព្រៀងសន្តិភាព រវាងសហរដ្ឋអាមេរិក និងតាលីបង់ក៏ដោយ។

ក្រសួងការបរទេសប៉ាគីស្ថាន បានឲ្យដឹងថា ប្រទេសនេះបានគូសបញ្ជាក់ ជាប្រចាំនូវសារៈសំខាន់នៃប្រទេសអាហ្វហ្គានីស្ថាន ប្រកបដោយសន្តិភាព និងស្ថេរភាពដែលប្រទេសនេះ ចាត់ទុកថាមិនអាចខ្វះបានសម្រាប់សន្តិភាព និងស្ថេរភាពនៅក្នុង និងក្រៅតំបន់។

អ្នកនាំពាក្យក្រសួងបានឲ្យដឹង នៅក្នុងសេចក្តីថ្លែងការណ៍មួយថា កិច្ចព្រមព្រៀងសន្តិភាពរវាងអាមេរិក និងតាលីបង់ ដែលបានចុះហត្ថលេខាកាលពីខែកុម្ភៈ គឺជាជំហានឆ្ពោះទៅមុខដ៏សំខាន់មួយដែលបង្កើតឱកាស សម្រាប់ការឆ្ពោះទៅរកការ ចរចារវាងអាហ្វហ្គានីស្ថាន ៕

ដោយ ឈូក បូរ៉ា

To Top