បរទេស៖ សហរដ្ឋអាមេរិកនិង ប្រទេសអង់គ្លេស នឹងចាប់ផ្តើមធ្វើកិច្ចពិភាក្សាចរចាគ្នា ស្តីពីកិច្ចព្រមព្រៀងជំនួញសេរីនៅមុនពេល Brexit នាថ្ងៃអង្គារនេះ នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយ ដោយទីភ្នាក់ងារសារព័ត៌មាន UPI នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០។
រដ្ឋមន្ត្រីជំនួញ សេរីអន្តរជាតិ របស់ប្រទេសអង់គ្លេស លោក Liz Truss នឹងចូលរួមក្នុងវីដេអូខលមួយ ជាមួយតំណាងជំនួញសហរដ្ឋអាមេរិក លោក Robert Lighthizer រួមជាមួយមន្ត្រីប្រហែល១០០នាក់ មកពីភាគីទាំងពីរ នៅក្នុងកិច្ចពិភាក្សាជុំដំបូង ដែលគ្រោងធ្វើឡើង អស់រយៈពេល២សប្ដាហ៍។
គួរបញ្ជាក់ថា ប្រទេសអង់គ្លេស កំពុងតែត្រៀមរៀបចំសម្រាប់ កិច្ចពិភាក្សាគ្នាអស់រយៈពេល ជាច្រើនខែ ចាប់តាំងពីចាកចេញពីសហភាពអឺរ៉ុប កាលពីចុងខែមករា ហើយប្រទេសអង់គ្លេស ក៏ត្រូវតែធ្វើការចរចាសម្រាប់ កិច្ចព្រមព្រៀងជំនួញថ្មី ជាមួយសហភាពអឺរ៉ុប ផងដែរ ៕
ប្រែសម្រួល៖ប៉ាង កុង