បរទេស៖ រដ្ឋាភិបាលនៃប្រទេសស៊ូដង់ នាពេលថ្មីៗនេះ បានជ្រើសរើសឯកអគ្គរដ្ឋទូតដំបូង របស់ខ្លួនប្រចាំនៅសហរដ្ឋអាមេរិក នៅក្នុងរយៈពេលជាងពីរទសវត្ស នេះបើយោងតាមសេចក្តីរាយការណ៍មួយ ដែលចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន UPI ចេញផ្សាយនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២០។
ទីក្រុងខាទូម បានធ្វើការជ្រើសរើសយកលោក Nour Eddin Satti ឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូត ប្រចាំនៅទីក្រុងវ៉ាស៊ីនតោន កាលពីថ្ងៃចន្ទសប្ដាហ៍នេះ និងបាននិយាយប្រាប់ថា រដ្ឋាភិបាលសហរដ្ឋអាមេរិក បានអនុម័តយល់ព្រមចំពោះការ តែងតាំងនេះហើយ។
គួរបញ្ជាក់ថា កាលពីខែមុន សហរដ្ឋអាមេរិក ប្រទេសអង់គ្លេស និងប្រទេសន័រវេស បានផ្ញើសារអបអរសាទរ ចំពោះគម្រប់ខួបមួយឆ្នាំនៃ ការបញ្ចប់របបរបស់របស់លោក អូម៉ា អាល់បាសៀរ និងចាប់ផ្តើមនូវរដ្ឋាភិបាល អន្តរកាលដែលដំណើរ ការដោយជនស៊ីវិល ៕
ប្រែសម្រួល៖ ប៉ាង កុង